ព័ត៌មានទាន់ហេតុការណ៍៖

អត់លុយបង់ថ្លៃសាលាកូន សម្រេចចិត្ត កាច់.កម៉ូតូគេបានព្យាយាមជិះគេចខ្លួន ត្រូវកម្លាំងអន្តរាគមន៍ខណ្ឌដង្កោក្របួចជាប់

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់បានឆ្លើយសារភាពថា​ ខ្លួនពិតជាបានធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ ដែលចតទុកចោលពិតប្រាកដមែន​ ដោយសារតែខ្លួនមានជីវភាពខ្វះខាត​ ជាពិសេសអត់លុយបង់ថ្លៃសាលាកូន ទើបសម្រេចចិត្តធ្វើសកម្មភាពបែបនេះតែម្តង ។

លោកវរសេនីយ៍​ឯក​ ជឹម​ សុីថា​ អធិការខណ្ឌដង្កោបានឲ្យដឹងថា ​នៅវេលាព្រឹកថ្ងៃទី០៥​ ខែ​កក្កដា​ ឆ្នាំ២០១៩​ ជនសង្ស័យឈ្មោះ​ សុខ​ ឆេង​ ភេទប្រុស​ អាយុ៤៥ឆ្នាំ​ មុខរត់កង់បី​ មានស្រុកកំណើត​ ភូមិឈ្លោង​ ឃុំឈ្លោង​ស្រុកឈ្លោង​ ខេត្តក្រចេះ​ បានធ្វើសកម្មភាពកាច់កម៉ូតូមួយគ្រឿងម៉ាក សេ ១២៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ​ 1HQ 2952​ ដែលជនរងគ្រោះចតទុកនៅមុខផ្ទះ​ ស្ថិតនៅសង្កាត់ទៀន​ ខណ្ឌដង្កោ​ បានសម្រេចហើយព្យាយាមជិះគេចខ្លួន​ តែត្រូវកម្លាំងលោកដែលកំពុងជិះល្បាតតាមមូលដ្ឋានឃើញ ក៏ដេញតាមចាប់រហូតមកដល់ចំណុចច្រមុះជ្រូកវត្តហា​ ផ្លូវ៥០ម៉ែត្រ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ក៏កម្លាំងរបស់លោកធាក់ផ្តួលចាប់បានជនសង្ស័យភ្លាមៗតែម្តង​ ។

លោកបន្តថា ក្រោយចាប់ជនសង្ស័យបានភ្លាមនោះ កម្លាំងសមត្ថកិច្ចបានដឹកជនសង្ស័យរួមទាំងវត្ថុតាង និងម៉ូតូរបស់ជនរងគ្រោះយកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖