ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាក PRIUS ពីរគ្រឿងបានពន្លះគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរប្រុសស្រីបីនាក់ទៀត បើករថយន្តមួយគ្រឿងក្នុងល្បឿនលឿន និងស្ថិតក្នុងសន្ថានភាពស្រវឹងស្រាជោកជាំផងនោះ ខណៈមកដល់ចំណុចផ្លូវលេខ១៥៥ កែងនឹងផ្លូវលេខ៤៣២ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ក៏បានបុកជាមួយរថយន្តមួយគ្រឿងទៀត បើកបរដោយបុរសម្នាក់ រួមនឹងបុរសពីរនាក់ទៀតប៉ើងទៅផ្ទប់ និងបង្គោលភ្លើងបណ្ដាលឲ្យមនុស្សបីនាក់របួសស្រាល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរ និងប្រុសស្រីបីនាក់ទៀត បើករថយន្តម៉ាក PRIUS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AA-4289 ស្ថិតក្នុងសភាពស្រវឹងស្រាជោកធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣២ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន និងមិនគោរពស្លាកសញ្ញាចរាចរណ៍ ក៏ជ្រុលទៅបុករថយន្តម៉ាកPRIUS មួយគ្រឿងទៀត ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ2AT -0453 ជារថយន្តតាក់ស៊ីបើកដោយបុរសម្នាក់ដឹកភ្ញៀវជនជាតិពីរនាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៥៥ចំពាក់កណ្ដាលរថយន្តពេញទំហឹងប៉ើងផ្ទប់នឹងបង្គោលភ្លើង បណ្ដាលឲ្យជនជាតិចិន និងតៃកុងខ្មែរបីនាក់រងរបួសស្រាល ។ ចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាតស្ទើរទាំងស្រុង ។

ក្រោយកើតហេតុ ភាគីទាំងសងខាងមិនអាចចរចាគ្នាបាននៅកន្លែងកើតហេតុ ទើបសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង ស្ទូចយករថយន្តទាំងពីរគ្រឿងទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖