ព័ត៌មានទាន់ហេតុការណ៍៖

ប្រើហិង្សាទៅលើប្រពន្ធហើយគំរាមថា នឹងសម្លាប់ ធ្វើឲ្យប្រពន្ធទ្រាំលែងបាន ប្ដឹងនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ តែងរករឿងប្រចណ្ឌប្រពន្ធខ្លួនឯងជាញឹកញាប់ និងប្រើហិង្សាថា នឹងសម្លាប់ ធ្វើឲ្យស្រ្ដីរងគ្រោះជាប្រពន្ធមានការភ័យខ្លាច និងទ្រាំនូវទង្វើបុរសជាប្ដីពុំបាន ក៏សម្រេចចិត្ដប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន ។ ករណីនេះ ធ្វើឡើងនៅវេលាម៉ោង១៨ និង៤០នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ សុធី ភេទ ប្រុស អាយុ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិក្រោលគោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រីឯស្រ្ដីជាប្រពន្ធឈ្មោះ អ៊ីវ សុភី អាយុ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ត្រូវជាប្រពន្ធជនសង្ស័យ) ។

ប្រភពដដែលបន្ដថា កន្លងមក ជនសង្ស័យ និងជនរងគ្រោះដែលជាប្ដីប្រពន្ធនឹងគ្នា បានស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីមកប្រកបការងារ តែនៅពេលដែលរស់នៅជាមួយគ្នា ប្ដីប្រពន្ធមួយគូរនេះ ពុំចុះសម្រុងនឹងគ្នាទេ ទើបបានជាស្ដ្រីរងគ្រោះ មកធ្វើការ និងជួលផ្ទះនៅក្រុមហ៊ុន7NG ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល រីជនសង្ស័យជាប្ដីវិញ នៅធ្វើជាជាងជួសជុលម៉ាស៊ីនត្រជាក់ នៅរាជធានីភ្នំពេញ ។ លុះក្រោយមកទៀត ជនរងគ្រោះជាប្ដី តែងតែតេទូរស័ព្ទ ជេរប្រមាថ និងគំរាមកំហែងស្រ្ដីរងគ្រោះជាប្រពន្ធយ៉ាងញឹកញាប់ ។ លុះមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យ បានមកផ្ទះជួលស្រ្ដីរងគ្រោះ ដោយនិយាយគំរាមថានឹងសម្លាប់ ហើយចាក់សោរបន្ទប់បង្ខាំងស្រ្ដីរងគ្រោះផង ដោយស្រ្ដីរងគ្រោះមានការភ័យខ្លាច ក៏បានទៅដាក់ពាក្យបណ្ដឹងសុំលែងលះជាមួយជនសង្ស័យជាប្ដី នៅសាលាដំបូងរាជធានីភ្នំពេញ ។ លុះមកដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង៤០នាទី ជនសង្ស័យ បានមកផ្ទះជួលរបស់ស្រ្ដីរងគ្រោះម្ដងទៀត ហើយចូលទៅអុកឡុក រករឿងប្រចណ្ឌ ធ្វើឲ្យស្រ្ដីរងគ្រោះទ្រាំលែងបានក៏ទូរស័ព្ទទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍វិហារសួគ៌ ឲ្យជួយអន្តរាគមន៍ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖