ព័ត៌មានទាន់ហេតុការណ៍៖

ព្រៃឈើនៅក្នុងប្រទេសអ៊ីរ៉ង់ មានអាយុកាល​៥០លានឆ្នាំ ក្លាយជាបេតិកភណ្ឌពិភពលោក

ចែករំលែក៖

បច្ចុប្បន្នព្រៃឈើនៅលើពិភពលោកថយចុះយ៉ាងខ្លាំង ដោយសារតែរតម្រូវការរស់នៅរបស់ពលរដ្ឋ និងកាប់ព្រៃឈើយកដីធ្វើកសិកម្ម សាងសង់លំនៅឋានជាដើម​ ។ ក្រៅពីនេះ នៅមានគ្រោះធម្មជាតិ និងភ្លើងឆេះព្រៃ បានរួមចំណែក ធ្វើឲ្យព្រៃឈើពិភពលោកត្រូវបាត់បង់​ ។

នៅពេលនេះដែរ ​អង្គការយូណេស្កូ បានសម្រេចដាក់ព្រៃឈើ ឈ្មោះ Hyrcanian របស់អ៊ីរ៉ង់ ចូលក្នុងបញ្ជីបេតិភណ្ឌពិភពលោក ។ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ បានបោះឆ្នោតកាលពីថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០១៩ ដាក់បញ្ចូលព្រៃឈើ Hyrcanian របស់ប្រទេសអ៊ីរ៉ង់ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក និងបានស្ងើចសរសើរតំបន់ព្រៃឈើនេះថា ជាទីជម្រកសម្រាប់សត្វជីវចម្រុះ ដែលគួរឲ្យកត់សម្គាល់ថែមទៀតផង ។

យោងតាមអង្គការពិភពលោកមួយនេះ បានឲ្យដឹងថា ព្រៃឈើតំបន់ត្រូពិចបុរាណមួយនេះ ស្ថិតនៅភាគខាងជើងរបស់ប្រទេសអ៊ីរ៉ង់ មានចម្ងាយប្រហែល៨៥០គីឡូម៉ែត្រ ស្ថិតនៅតាមបណ្ដោយឆ្នេរសមុទ្រ កាសព្យែន Caspian Sea ។

អង្គការយូណេស្កូបានបញ្ជាក់ថា “ជីវចម្រុះរបស់ព្រៃឈើ​ Hyrcanian មានលក្ខណៈគួរឲ្យកត់សម្គាល់” ។ ប្រជាជនអ៊ីរ៉ង់​ប្រហែល​៤៤ភាគរយ​បាន​ស្គាល់ថា រុក្ខជាតិ​ដែលជាសរសៃឈាម ​ត្រូវបានរកឃើញ​នៅក្នុង​ព្រៃឈើមួយនេះ ។

ប្រភពបញ្ជាក់ថា ព្រៃឈើ​ដែលមានអាយុ​កាល​៥០លានឆ្នាំនេះ ក៏ជាជម្រករបស់សត្វខ្លារខិន​ប្រភេទ Persian ផងដែរ ព្រមទាំងជាជម្រក​ថនិកសត្វ​ជិត​៦០ប្រភេទ និង​បក្សាបក្សី​​១៦០ប្រភេទ​ផងដែរ ។

ការសម្រេច​ដាក់បញ្ចូលព្រៃឈើអ៊ីរ៉ង់​ខាងលើនេះ​ កើតឡើង​នៅពេលដែល​គណៈកម្មការបេតិកភណ្ឌ​ពិភពលោក​របស់អង្គការយូណេស្កូ បានជួបប្រជុំគ្នា​នៅទីក្រុង Baku ប្រទេស Azerbaijan ។ ព្រៃឈើ​របស់ប្រទេសចិន​មួយទៀត ក៏ត្រូវបានប្រកាសដាក់បញ្ចូល​ក្នុងបញ្ជី​បេតិភណ្ឌ​ពិភពលោក​ផងដែរ​អំឡុងពេលជាមួយគ្នានេះ ។

កាលពីបីឆ្នាំមុន​អង្គការយូណេស្កូ​ក៏បាន​ដាក់ចូលក្នុងបញ្ជី​ជាសម្បត្តិបេតិភណ្ឌពិភពលោក​ផងដែរ នូវវាលខ្សាច់​របស់ប្រទេសអ៊ីរ៉ង់ គឺវាលខ្សាច់ Lut ដែលស្ថិតនៅភាគនិរតី​ប្រទេស ។ ដូច្នេះ៣ឆ្នាំកន្លងមកនេះ អ៊ីរ៉ង់​​មានសម្បត្តិបេតិភណ្ឌសរុប​២ ហើយដែលយូណេស្កូបានប្រកាសដាក់ចូលក្នុងបញ្ជី ។

ប្រទេសសាធារណរដ្ឋអ៊ីស្លាម​មួយ​នេះ ក៏នៅមានទីតាំងវប្បធម៌​ចំនួន​២២ទៀត ស្ថិតនៅក្នុងបញ្ជឺបេតិកភណ្ឌពិភពលោក ក្នុងនោះរួមមានរតនវត្ថុ​​ ប្រាសាទសម័យចក្រភព Persian គឺប្រាសាទ Persepolis ជាដើម ៕


ចែករំលែក៖