ឆ្នាំ២០១៩នេះ មានអ្នកសារព័ត៌មាន ស្លាប់អាចនឹងកើតឡើងច្រើនជាងកាលពីឆ្នាំ២០១៨ ដោយក្នុងរយៈពេល៦ខែប៉ុណ្ណោះ មានអ្នកសារព័ត៌មាន ដល់ទៅ ៣៨នាក់ រងការសម្លាប់ ពេលបំពេញការងារ ។ កាលពីឆ្នាំ២០១៨ មានអ្នកសារព័ត៌មានស្លាប់តែ ៥៣នាក់ប៉ុណ្ណោះ នៅលើពិភពលោក ។
តាមតួលេខរបស់អង្គការក្រៅរដ្ឋាភិបាល Press Emblem Campaign PEC ដែលមានទីតាំងនៅទីក្រុងហ្សឺណែវ ប្រទេសស្វិស បានឲ្យដឹងថា នៅពាក់កណ្តាលឆ្នាំ២០១៩នេះ មានអ្នកសារព័ត៌មានដល់ទៅ ៣៨នាក់រងការសម្លាប់ នៅក្នុង២០ប្រទេស ជុំវិញពិភពលោក ។
តាមរបាយការណ៍របស់ PEC ចំនួនអ្នកសារព័ត៌មាន រងការសម្លាប់ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៩ ថយចុះ៤២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨ ។ ប៉ុន្តែ នៅតែជាក្តីកង្វល់យ៉ាងខ្លាំង ក្នុងនោះមានប្រទេស ម៉ិចស៊ីកូ និង អាហ្វហ្គានីស្ថាន ។ នៅក្នុងប្រទេសម៉ិចស៊ីកូ មានអ្នកសារព័ត៌មានដល់ទៅ៩នាក់រងការសម្លាប់ នៅក្នុងរយៈពេល៦ខែ ។ ចំណែកនៅអាហ្វហ្គានីស្ថានវិញ មានអ្នកសារព័ត៌មាន ៦នាក់រងការសម្លាប់ ។ ភាគច្រើនអ្នកសារព័ត៌មានរងការសម្លាប់នៅម៉ិចស៊ីកូ គឺបង្កឡើងដោយក្រុមជួញដូរគ្រឿងញៀន ចំណែកអាហ្វហ្កានីស្ថាន គឺក្រុមភេរវកម្មជាអ្នកសម្លាប់ ។
តាមការលើកឡើងរបស់PEC នៅតំបន់អាមេរិក ឡាទីន ជាតំបន់ដែលមានអ្នកសារព័ត៌មានស្លាប់ច្រើនជាងគេ គឺមានរហូតដល់ទៅ១៥នាក់ស្លាប់ ក្នុងរយៈពេល៦ខែកន្លងមក ។
ចំណែកនៅក្នុងតំបន់មជ្ឈិមបូព៌ាវិញ មានអ្នកសារព័ត៌មានស្លាប់ច្រើនជាងគេបង្អស់គឺនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដែលជាតំបន់មានសង្គ្រាម ប្រឆាំងភេរវកម្ម៕