ខេត្តឧត្ដរមានជ័យ៖ ស្រ្ដីម្នាក់បានស្លាប់នៅកន្លែងកើតហេតុភ្លាមក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីបើកបរល្បឿនលឿនគ្មានការប្រុងប្រយ័ត្ន ជ្រុលទៅបុកបង្គោលសុវត្ថិភាព ចំណុចផ្លូវកែង ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវលេខ១៧៤ ស្ថិតនៅភូមិទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុង សុខគា ភេទស្រី អាយុ៣៩ ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។ បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ ១ D ០៤៥៤ បើកបរម្នាក់ឯង ដោយមូលហេតុបើកបរលឿន ។
ករណីនេះកម្លាំងប៉ុស្តិ៍រដ្ឋនគរថ្លាត បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ជួយអន្តរាគមន៍ យកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុក អន្លង់វែង សង្គ្រោះបន្ទាន់តែអកុសល្យ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។
រួចហើយសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៉ែន នួន