ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូលក់ថ្នាំឱសថបុរាណសុខៗ ស្រាប់តែមានអការមិនសូវស្រួលខ្លួន បញ្ជូនដល់មណ្ឌលសុខភាព ស្លាប់មួយ ប៉ប្រិចភ្នែក ត្រូវបានគេសង្ស័យបណ្ដាលមកពីជំងឺខ្យល់គរ ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃសៅរ៍ ៦កើត ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចមណ្ឌលសុខភាពតាសាស់ ស្ថិតក្នុងភូមិតាសាស់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
របាយការណ៍ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុងឃើញថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ម៉ក សុីវត្ថា ភេទប្រុស អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រែកតាវង ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលបន្តថា មុនដំដូងគេឃើញជិះម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1J 7149 ដឹកថ្នាំឱសថបុរាណដើរលក់ លុះមកដល់ម្ដុំផ្សារបត់រំដួល ស្ថិតក្នុងភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ គាត់ប្រាប់គេថា អត់សូវស្រួលខ្លួនសោះ ក៏ជិះម៉ូតូបត់ចូលកន្លែងឱសថស្ថាន(ថ្មកែវ) ដែលនៅក្បែរនោះ របស់ឈ្មោះ សុឹម ម៉េងគ្រុយ ពេលស្ទង់ឈាមមើលឃើញខុសប្រក្រតី ក៏ជួយបញ្ជូនទៅមណ្ឌលសុខភាពខាងលើ ស្រាប់តែក្រុមគ្រូពេទ្យប្រាប់ថា ស្លាប់បាត់ទៅហើយ ។
របាយការណ៍ដដែលបន្តទៀតថា ករណីបុរសវ័យចំណាស់ជិះម៉ូតូដឹកថ្នាំឱសថបូរាណដើរលក់ ហើយមានអការមិនសូវស្រួលខ្លួនបញ្ជូនដល់មណ្ឌលសុខភាពស្លាប់នេះ កម្លាំងជំនាញសហការចុះពិនិត្យ និងធ្វើកោសល្យវិច័យ ជនរងគ្រោះអាចស្លាប់បណ្ដាលពីជំងឺខ្យល់គរ(គាំងបេះដូង) ទើបធ្វើកំណត់ហេតុប្រគល់សាកសព ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន