ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កិនកម្ទេចចោលបំពង់ស៊ីម៉ាំងម៉ូតូកែច្នៃ(ប្រែន) ២៣២គ្រឿង ល្មើសច្បាប់ចរាចរណ៍ផ្លូវគោក បង្កសំឡេងឮខ្លាំងរំខានប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃ(ប្រែន)២៣២គ្រឿងដែលកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បង្រ្កាបដកហូតពីក្រុមម៉ូតូក្មេងទំនើងបើកបរបង្កសំឡេងលាន់ឮរំខាន នៃការរស់នៅរបស់ប្រជាពលរដ្ឋ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ ។ ល្មើស និងច្បាប់ចរាចរណ៍ផ្លូវគោកត្រូវបានស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យធ្វើពិធីកិនកម្ទេចចោលក្នុងវិធានការទប់ស្កាត់រក្សាសណ្តាប់ធ្នាប់សាធារណៈឲ្យល្អប្រសើរ ។ ពិធីកម្ទេចបំពង់ស៊ីម៉ាំងម៉ូតូកែច្នៃ(ប្រែន) បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ក្រោមការចូលរួមផ្ទាល់ពីស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ។

នាយការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សន គឹមសួរ៌ ប្រាប់ឲ្យដឹងថា បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃ(ប្រែន)ខាងលើត្រូវបានកម្លាំងនគរបាលការិយាល័យចរាចរណ៍ខេត្ត និងកម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលស្រុកក្រុងទាំង៩ខេត្តបន្ទាយមានជ័យបានបង្រ្កាបដកហូតតាមដងផ្លូវរយៈពេល៥ខែមកហើយ ដោយឡែកអ្នកបើបបរប្រព្រឹត្តល្មើសសមត្ថកិច្ចអប់រំឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពខុសច្បាប់បែបនោះទៀត ។

លោកនាយការិយាល័យប្រាប់ទៀតថា អនុវត្តតាមបញ្ជាផ្ទាល់របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ អាត់ ខែម គឺកម្លាំងនគរបាលចរាចរណ៍ខេត្តក៏ដូចជាតាមបណ្តាអធិការដ្ឋាននគរបាលស្រុកក្រុងទាំង៩ តែងតែចុះទប់ស្កាត់ និងបង្រ្កាបម៉ូតូកែច្នៃខុសបច្ចេកទេសបំពង់ស៊ីម៉ាំង(ប្រែន)ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសបទដ្ឋានបច្ចេកទេស និងការកែច្នៃលេងភ្លើងឡាស៊ែខុសបច្ចេកទេសជាដើមនោះ ។

លោកនាយការិយាល័យបញ្ជាក់ឲ្យដឹងទៀតថា ក្នុងច្បាប់ចរាចរណ៍ផ្លូវគោកត្រង់មាត្រា៦៦ ចែងថាមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកត្រូវឃាត់យានជំនិះមិនឲ្យធ្វើចរាចរណ៍ឬឃាំងទុកមិនលើស៣ថ្ងៃដើម្បីផាកពិន័យ និងកែតម្រូវលក្ខណៈបច្ចេកទេសទៅតាមករណីដែលអ្នកបើកបរប្រព្រឹត្តល្មើស និងបទបញ្ញត្តិចរាចរណ៍ ។ អនុវត្តនៅត្រង់ចំណុច៤យានជំនិះដែលបញ្ចេញផ្សែងខ្លាំងឬសំឡេងម៉ាស៊ីនខ្លាំងលើសបទដ្ឋានបច្ចេកទេសឬបំពាក់ប្រព័ន្ធភ្លើងខុសស្តង់ដាកំណត់រំខានដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតឬអ្នករស់នៅជាប់ដងផ្លូវនោះ ។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បានលើកឡើងជម្រុញឲ្យកងកម្លាំងនគរបាលក្រោមបង្គាប់ត្រូវបន្តចុះទប់ស្កាត់នូវការប្រើប្រាស់យានជំនិះគ្រប់ប្រភេទដែលកែច្នៃខុសបច្ចេកទេសបង្កប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ។ ពីព្រោះថាការប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង(ប្រែន) និងការប្រើប្រាស់រថយន្តបំពង់ស៊ីម៉ាំង(ប្រែន)នៅលើថ្នល់ប្រជាពលរដ្ឋបានធ្លាប់ប្តឹងរាយការណ៍មកលោកផ្ទាល់ពីការរំខាននៃការរស់នៅរបស់ពួកគាត់ និងសំណូមពរឲ្យមានការទប់ស្កាត់ ។ លោកឧត្តមសេនីយ៍ស្នងការក៏បានអំពាវនាវឲ្យក្មួយៗយុវជនដែលប្រើប្រាស់បំពង់ស៊ីម៉ាំងម៉ូតូ(ប្រែន)ត្រូវបញ្ឈប់នាំគញនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោករក្សាសណ្តាប់ធ្នាប់សាធារណៈ និងរក្សាសុវត្ថិភាព អាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកដទៃ ។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យជាលើកទី២ហើយ ដែលធ្វើពិធីកម្ទេចចោលបំពង់ស៊ីម៉ាំងម៉ូតូកែច្នៃខុសបច្ចេកទេស ។ លើកទី១បានកិនកម្ទេចចោលជាង៣០០គ្រឿង និងលើទី២កិនកម្ទេចចោលជាង២០០គ្រឿង ៕ សំ វិច្ឆិកា


ចែករំលែក៖