ខេត្តកណ្ដាល៖ រថយន្តច្នៃមួយគ្រឿង ខូចចតលើចិញ្ចើមផ្លូវពុំដាក់សញ្ញាសម្គាល់ ធ្វើឲ្យម៉ូតូមួយគ្រឿងបើកមកពីក្រោយឈប់មិនទាន់បុកគូថពេញមួយទំហឹង បណ្ដាលឲ្យឪពុកកូន២នាក់ទទួលរងរបួសធ្ងន់ស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង ១៩ និង៥០នាទី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវលេខ១១០ ស្ថិតក្នុងភូមិព្រែកតាហង់ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះមាន២នាក់ ទី១-ឈ្មោះ ធិ ធីម ភេទប្រុស អាយុ២៩ឆ្នាំ (រងរបួសស្រាល) ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ អត់ស្លាកលេខ និងម្នាក់ទៀតឈ្មោះ ធីម លីណា ភេទប្រុស អាយុ២ ឆ្នាំ (រងរបួសធ្ងន់) ។ ជនរងគ្រោះទាំង២នាក់ត្រូវជាឪពុកកូននឹងគ្នា មានទីលំនៅភូមិឃុំកើតហេតុ ។ ចំណែកឯអ្នកបើកបររថយន្តច្នៃពុំស្គាល់អត្តសញ្ញាណ រត់គេចខ្លួន ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្តច្នៃខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១០ ក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុ រថយន្តច្នៃក៏ខូច ហើយអ្នកបើកបរបានឈប់នៅលើចិញ្ចើមផ្លូវ ដើម្បីជួសជុល តែពុំដាក់ស្លាកសញ្ញាសម្គាល់អ្វីនោះទេ ខណៈនោះ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធ្វើដំណើរស្របទិសគ្នា ពុំបានឃើញរថយន្តនៅខាងមុខ ក៏បុកគូថរថយន្តច្នៃពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូ២នាក់ឪពុកកូនរងរបួសធ្ងន់ស្រាល រីឯម្ចាស់រថយន្តច្នៃ បានទុករថយន្តរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតការណ៍កើតឡើង ជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ។ ចំណែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានកម្លាំងជំនាញចរាចរណ៍ ធ្វើការពិនិត្យវាស់វែង រួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។
ការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញឲ្យដឹងថា ករណីនេះបង្កឡើងដោយអ្នកបើកបរ រថយន្តកែច្នៃ ខូចចតលើផ្លូវ ធ្វេសប្រហែស មិនដាក់សញ្ញា រឺភ្លើងបំភ្លឺ ឲ្យអ្នកធ្វើដំណើរ បានដឹង ៕ ស្អាងជ័យ