ភ្នំពេញ ៖ សំណង់គ្រោងដែករបស់ជនជាតិចិនមួយកន្លែង ដែលស្ថិតនៅតាមផ្លូវលំក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ទំហំ១៦០០ម៉ែត្រការ៉េ ស្ងាត់ៗលួចសាងសង់ អាជ្ញាធរមូលដ្ឋានមិនបានដឹង រហូតលើកជាគ្រោងដែក ហើយត្រូវបានអាជ្ញាធរចុះផ្អាកជាលើកទី២ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នេះតាមបញ្ជាពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យរង់ចាំស្ថាប័ណជំនាញ សាលារាជធានីភ្នំពេញ សម្រេចជាក្រោយ ។
លោក សុទ្ធ សុជាតិ ចៅសង្កាត់រងចោមចៅទី៣ បានឲ្យដឹងថា សំណង់ខាងលើអាជ្ញាធរមូលដ្ឋានមិនបានដឹងឡើយ មិនដឹងថាសុំច្បាប់ ឬមិនសុំច្បាប់ខាងណានោះទេ ស្ងាត់ៗបែជាលើកជាគ្រោងដែកតែម្តង ហើយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ លោកបានដឹកនាំកម្លាំងចុះផ្អាកបណ្តោះអាសន្នម្តងរួចមកហើយដើម្បីរងចាំស្ថាប័ណ្ណជំនាញ សាលាក្រុងសម្រេច អនុញាតិជាក្រោយ ។
លោកសុទ្ធសុជាតិ បានបន្តថា ក្រោយពីសាកសួរ កម្មករ ពលរដ្ឋ ជុំវិញ សំណង់ខាងលើ ជារបស់អាជីវករចិន ទំហំ១៦០០ម៉ែត្រការ៉េ សង់ជាគ្រោងដែក បើកជាឃ្លាំង សិប្បកម្ម តែអ្វីមើលឃើញសភាពជាក់ស្តែង សសរ ចាប់បន្ទើតលើសាបបេតុង ប្រើប្រាស់ដែក១,២លី ស្តើងណាស់ ហាក់បីដូចជាគ្មានលក្ខណៈរឹងមាំ មកសង់លំដាប់ខ្នាតធំបែបនេះ ទើបតែលើកគ្រោងដែក មេតុងចាប់ផ្តើមប្រេះបាក់ជាបណ្តើរៗ មិនដឹងថាធានាគុណភាព បានរយៈពេលណា ។
តាមកម្មករដែលកំពុងសាងសង់ទីនោះ បានឲ្យដឹងថា ម្ចាស់សំណង់ជាជនជាតិចិន បានជួលគាត់មក រៀបឥដ្ឋ ក្រៅពីនោះគាត់មិនបានដឹងឡើយ ។
រហូតមកដល់ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរក៏បានចុះផ្អាកជាលើកទី២រងចាំពិនិត្យឲ្យបានត្រឹមត្រូវសិន ៕ សុខាសែនជ័យ