ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជិត១០០០នាក់ សម្រុកទៅរកត្រីនៅចំណុចអាងអូរខៃដន ខណៈក្រុមហ៊ុនបង្ហូរទឹកចេញពីអាងអូរខៃដន ស្ទើររីងទាំងស្រុងដោយមិនបានដឹងមូលហេតុ មានរយះពេលប្រមាណជា១០ថ្ងៃមកហើយ មកទល់នឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ឋិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
ប្រជាពលរដ្ឋប្រមាណ៨០០នាក់ កំពុងតែរកត្រី នៅក្នុងផ្ទៃអាងអូខៃដនដែលទំហំជាង១០០០ហិកតា ដោយប្រើឧបករណ៍សំណាញ់ អូសអួន ដាក់ម៉ូង ដាក់ដៃ បោយត្រី និងដាក់សំរ៉ាស់ ហ៊ុមព័ន្ធដោយសំណាញ់អូសប្រមូលត្រីជាដើម ដែលប្រជាពលរដ្ឋទាំងនេះ ខ្លះមកពីតាមបណ្តាស្រុកនានាក្នុងខេត្តបន្ទាយមានជ័យ ដូចជាក្រុងប៉ោយប៉ែត ស្រុកបង្គលបូរី ស្រុកអូរជ្រៅ ស្រុកស្វាយចេក ស្រុកព្រះនេត្រព្រះ និងមួយចំនួនទៀតមកពីបណ្តាខេត្តនានា ។
ពលរដ្ឋទាំងនោះបានប្រាប់ថា ខ្លះសម្រាកពីការងារមករកត្រីគ្រាន់ប្រឡាក់ ធ្វើប្រហុកទុកហូប ខ្លះទៀតមករកដើម្បីជួបជុំគ្នាផឹកស៊ីសប្បាយ និងខ្លះទៀតរកត្រីដើម្បីយកទៅលក់ ដែលនៅអាងខាងលើនេះ ជាមានត្រីចម្រុះ ភាគច្រើនមាន ត្រីស ត្រីផ្លានិន ត្រីកញ្ចុះនិងត្រីឆ្លាំងជាដើម ។ ប្រជាពលរដ្ឋដែលមានមុខរបរនេសាទប្រចាំថ្ងៃនៅក្នុងអាងអូរខៃដនបានឲ្យដឹងថា នៅរដូវប្រាំង៦ម៉ឺនរៀលទៅ១០ម៉ឺនរៀល ខែវស្សារកបាន១០ទៅ២០ម៉ឺនរៀល ហើយប៉ុន្មានថ្ងៃនេះ ដែលគេបង្ហូរទឹកអាងនេះ អាចរកបានខ្ទង់៤០ម៉ឺនរៀលដែរ ។
លោកម៉េង មុន្នីរក្ស នាយកសង្កាត់រដ្ឋបាលជលផលប៉ោយប៉ែត បានប្រាប់ថា ចាប់តាំងពីក្រុមហ៊ុនបើកទឹកបង្ហូររយះពេលប្រមាណជា១០ថ្ងៃនេះ ត្រីក្នុង១ថ្ងៃ ពលរដ្ឋអាចរកត្រីបានប្រហែល១តោន បើតាមរបាយការណ៍ វាពិបាកកំណត់ចំនួនពិតបន្តិច ដោយសារពួកគាត់គ្នាច្រើន ហើយរកទាំងថ្ងៃ ទាំងយប់អីចឹង ចំនួនវាអាចលើសហ្នឹង ។
លោកបញ្ជាក់ថា ការបង្ហូរទឹករីងពីអាងនេះ វាធ្វើឲ្យប៉ះពាល់ពាល់ដល់ពូជត្រីដែរ ប៉ុន្តែលោកក៏មិនដឹងទប់ស្កាត់ ឬធ្វើយ៉ាងណានោះទេ ដោយអាងនេះ ជាអាងឯកជនរបស់ក្រុមហ៊ុនអានកូ ។
ពាក់ពន្ធនឹងការកាយបង្ហូរទឹកអាងខាងលើនេះ លោកអភិបាលក្រុងប៉ោយប៉ែតគាត ហ៊ុលប្រាប់តាមទូរសព្ទ័ថា លោកមិនទាន់ទទួលបានព័ត៌មាននោះឡើយ ប៉ុន្តែលោកថា ចាំលោកសាកសួរទៅក្រុមហ៊ុន និងផ្ដល់ដំណឹងពេលក្រោយ ដោយការទន្ទឹងយូរពេកអ្នកសារព័ត៌មានទូរស័ព្ទសាកសួរម្ដងទៀតលោកចុចបិទតែម្ដង ៕ វណ្ណា