ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូន យុវជន គង់ រ៉ៃយ៉ា មកតុលាការករណីប្រកាសលក់អាវយឺតមានរូបលោកបណ្ឌិត កែម ឡី

ចែករំលែក៖

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកក្កដា នេះ បានបញ្ជូន យុវជន គង់ រ៉ៃយ៉ា មកតុលាការម្តងទៀត ដើម្បីសាកសួរករណីប្រកាសលក់អាវយឺតមានរូបលោកបណ្ឌិត កែម ឡី ដែលមានខ្លឹមសារថា “បេីអ្នកមិនធ្វើអ្វីសោះក៏គង់តែរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ” ។ បច្ចុប្បន្ន យុវជន គង់ រ៉ៃយ៉ា កំពុងត្រូវបានលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការសាកសួរ ដោយពុំទាន់សម្រេចចោទប្រកាន់នៅឡើយទេ ។

សមត្ថកិច្ចបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកក្កដា សមត្ថកិច្ចបានចាប់ខ្លួនយុវជន៤នាក់ មានស្រី២នាក់និងប្រុស២នាក់ ដឹកនាំដោយយុវជន គង់ រ៉ៃយ៉ា ដែលបានប្រកាសលក់អាវយឺតដែលមានរូបលោក កែម ឡី ។ ប៉ុន្តែក្រោយការសាកសួរសមត្ថកិច្ចបានដោះលែង៣នាក់ឲ្យមានសេរីភាពវិញគឺបញ្ជូនតែយុវជន គង់ រ៉ៃ យ៉ា ម្នាក់ប៉ុណ្ណោះមកតុលាការ ។

សូមបញ្ជាក់ថា កន្លងមក យុវជន គង់ រ៉ៃយ៉ា ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសរយៈពេល១ឆ្នាំ៦ខែម្តងរួចមកហើយ ពាក់ព័ន្ធការប្រកាសធ្វើបដិវត្តពណ៌តាមបណ្តាញសង្គម Facebook ៕ ចេស្តា


ចែករំលែក៖