ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ចែភក្តិ អត់ខ្វល់ សំខាន់របររកស៊ី​នៅតែទៅមុខ

ចែករំលែក៖

បើទោះបីជាគណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ​​ធ្វើសកម្មភាព​ផ្អើល​ប្រជាពលរដ្ឋ ទូទាំងប្រទេសយ៉ាងណាក៏ដោយ ក៏​ចែភក្តិ ឈ្មួញរកស៊ីឈើល្បីឈ្មោះនៅស្រុកភ្នំក្រវាញ មិនខ្វល់នោះដែរ គឺនៅតែឈរជើង​យ៉ាងរឹងមាំ ចាំទិញឈើ​នៅ​ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ដដែល ។ នៅគ្រាដែល​គណៈកម្មការជាតិបង្ក្រាបឧកញ៉ារកស៊ីឈើ​នៅខេត្តមណ្ឌលគិរីនោះ ពួកអ្នករកស៊ីឈើ​នៅឯខេត្តពោធិ៍សាត់ឯណោះ ក៏ផ្អាកសកម្មភាពរួញខ្លួនខ្លះៗដែរ លើកលែងតែចែភក្តិ និងដៃគូ ឈ្មោះ ណាក់ ប៉ុណ្ណោះ ដែលរហូតមកដល់ម្សិលមិញ មានសេចក្តីរាយការណ៍ថា គាត់នៅតែបន្ត​ឈរជើង​យ៉ាងរឹងមាំ ក្នុងការទិញឈើពីអ្នកដឹកឈើ​តាមម៉ូតូ និងរថយន្តកែច្នៃ ។​

បើទោះបីជាមានការបង្ក្រាប​ទ្រង់ទ្រាយធំ​ ដែលធ្វើឲ្យពួកឈ្មួញរកស៊ីឈើទាំងតូច ទាំងធំរួញខ្លួនបែបណាក៏ដោយ ក៏ចែភក្តិនៅតែបន្តធ្វើ​សកម្មភាព​ឈរទិញឈើ​មិនញញើតនោះទេ ។ ឈ្មួញអ្នករកស៊ីឈើ​មានចម្ងល់ថា តើចែភក្តិ អាងខ្នងនរណាបានជាមិនញញើត​សមត្ថកិច្ច​ឬគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើ​យ៉ាងដូច្នោះ? បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា សកម្មភាព​ដឹកជញ្ជូន​ឈើចេញពីតំបន់​ព្រៃ​ការពារភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ ដែលមានមន្ត្រីបរិស្ថានឈ្មោះ ជួប ភាព ជាអ្នកសម្របសម្រួលនោះ នៅតែមានសកម្មភាព​ដដែល ។ ម៉ូតូ​ប្រជាពលរដ្ឋដឹកឈើ​នៅតែបន្តកន្ទុយគ្នាយកឈើ​មកទម្លាក់​ឲ្យចែភក្តិ និងលោក ណាក់ នៅម្តុំចម្ការ​តាលី ស្ថិតក្នុងភូមិ​វាល ឃុំសំរោង ស្រុកភ្នំក្រវាញនោះជារៀងរាល់ពេល ។ លោកណាក់ ជាអ្នកដែល​កាន់លុយ ចាំ​ទិញឈើ​ទាំងនោះជាចំហរ ។​

ការដែលចែភក្តិ នៅតែហ៊ានប្រកបរបរ​រកស៊ី​ខុសច្បាប់ គ្រាដែលឧកញ៉ាធំៗមួយចំនួនរួញខ្លួនទៅហើយនោះ ធ្វើឲ្យអ្នករកស៊ីតូចតាច​នៅក្នុង​តំបន់នោះច្រណែន ព្រោះមិនដឹកស្មានថា ហេតុអ្វី​បានជាចែភក្តិ នៅតែមានអំណាច រកស៊ីដឹកឈើ​ឈរទិញឈើ​យ៉ាងចំហរដូច្នេះ? នៅក្នុងព្រៃនៃតំបន់ការពារភ្នំឱរ៉ាល់ មានមន្ត្រីបរិស្ថានជាអ្នកជួយសម្រួល​ហើយចេញមកដល់តាមផ្លូវ គ្រាន់តែបង់ប្រាក់ឲ្យមន្ត្រីមេព្រៃ គឺជាការស្រេច? ពួកមន្ត្រីមេព្រៃ​នៃមន្ទីរកសិកម្ម​ខេត្តពោធិ៍សាត់​យកលុយពីចែភក្តិ ដោយស្របច្បាប់ ពីព្រោះ​ឈើទាំងនោះ​មិនមែនចេញពី​ដែនសមត្ថកិច្ចរដ្ឋបាលព្រៃឈើ​នោះឡើយ ៕


ចែករំលែក៖