ភ្នំពេញ៖ បុរសម្នាក់ សង្ស័យស្រវឹងបើករថយន្តហាយប្រីតក្នុងល្បឿងលឿន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតអស់ចំនួន៣កង់ ចំណែករថយន្តដាច់កាឡេទៅបុកលែងរួច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ៣១០ កែងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹកកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកហាយប្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U 0784 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១០ ក្នុងទិសដៅពីកើតទៅលិចល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានបួងចង្កូតទៅជើងជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យខ្ទាតចេញពីគំនួស១កង់ ចំណែក២កង់ទៀត រងការខូចខាត ដោយឡែករថយន្តដាច់កាឡេខាងឆ្វេងរងការខូចខាត ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅជំនាញមកស្តូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ