ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ខ័ណ្ឌចប់ត្រឹម​ចាប់​ស៊ឹង សំអុល និងគូកននោះឬ?

ចែករំលែក៖

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ដែលតាមដានព័ត៌មានស្តីពី​ការបង្ក្រាបបទល្មើសព្រៃឈើ​ទ្រង់ទ្រាយធំ នៅឯខេត្តមណ្ឌលគិរី​អបអរសាទរ​យ៉ាងខ្លាំង​ចំពោះចំណាត់ការនេះ ប៉ុន្តែខ្ញុំបាទ​មានចម្ងល់ថា មានតែ​ឧកញ៉ា ស៊ឹង សំអុល និងគូកនដែលជាមេការ​នោះទេឬ ដែលប្រឈម​ចំពោះមុខច្បាប់? ចុះអាជ្ញាធរដែនដី, ស្ថាប័នជំនាញ ដូចជាខាង​មន្ទីរកសិកម្ម… ដែនជម្រក… មិនជាប់ពាក់ព័ន្ធ​ក្នុងការបើកដៃ​ឲ្យ​ឈ្មួញ​កសាងបទល្មើសទេឬ? ពីព្រោះថា ឈ្មួញអាចចូលទៅក្នុងព្រៃ ទាំងនៅក្នុងតំបន់ការពារ ឬក្រៅតំបន់ការពារបាន សុទ្ធតែមានការបើក​ដៃ​ពីស្ថាប័នជំនាញ ជាពិសេស​អាជ្ញាធរ​ខេត្តជាអ្នកទទួលខុសត្រូវ ។

ជារឿយៗ ខ្ញុំបាទតែងតែឮលោកអភិបាលខេត្តមណ្ឌលគិរីអះអាងថា គ្មានទេបទល្មើសនៅក្នុងទឹកដីរបស់ខ្លួន ។ ចុះ​ករណីដែល​គណៈកម្មការ​បង្ក្រាបបទល្មើស​ចុះទៅចាប់បទល្មើសជាក់ស្តែង ដែលរួមមានមនុស្ស និងរថយន្ត​ធុនធំច្រើនជាង៤០គ្រឿងនោះ វាមិនស្ថិត​ក្នុងដែនសមត្ថកិច្ចរបស់លោកទេឬ? អ្នកខេត្តមណ្ឌលគិរី បានខ្សឹបខ្សៀវគ្នាតាំងពីយូរមកហើយថា អភិបាលខេត្តនេះ​ក៏មានសាច់ឈាម ជាប់ពាក់ព័ន្ធនឹងរបររកស៊ីឈើខុសច្បាប់នេះដែរ ។ កូនប្រសាររបស់លោកអភិបាលខេត្ត​ត្រូវបានមន្ត្រីរាជការ​ ក៏ដូចជាប្រជាពលរដ្ឋ​នៅ​ក្នុងខេត្តនេះអះអាងថា មានរបររកស៊ីឈើ​ទាំងស្របច្បាប់ លាយឡំដោយមិនស្របច្បាប់ ។ ករណីនេះ តើអាច​រាប់បញ្ចូលក្នុងយុទ្ធនាការ​នៃការបង្ក្រាបនេះបានដែរឬទេ?

មិនមែនតែក្រុមឧកញ៉ាស៊ឹង សំអុល នេះទេ ដែល​គេរាយការណ៍ថា ជាមុខសញ្ញាបំផ្លាញព្រៃឈើ​ដ៏ធំនៅខេត្តមណ្ឌលគិរីនោះ ។ បុរសម្នាក់​ឈ្មោះ សារឿន ម៉ាប់ និងមេការ ដែលជាអ្នកដើរបោះមេក្នុង​របរឈើខុសច្បាប់នេះ ក៏គួរតែ​បើកការស៊ើបអង្កេតនោះដែរ ពីព្រោះថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅខេត្តនេះ​មិនមែនមានតែឧកញ៉ាស៊ឹង សំអុលនោះឡើយ ។ អាជ្ញាធរមានសមត្ថកិច្ច​ដែល​ស្ថិតក្នុង​រង្វង់ប្រតិបត្តិការលួចប្រាប់អ្នកកាសែតថា រឿងនេះសមត្ថកិច្ចចាប់កន្ទុយខ្សែបានហើយ ដូច្នេះគេនឹងស្រាវជ្រាវរហូតដល់គល់​បញ្ហាជា​មិនខានឡើយ ។ មិនយូរទេ អ្នកទទួលខុសត្រូវធំៗ ក្នុងឧក្រិដ្ឋកម្មព្រៃឈើ​នៅក្នុងខេត្តមណ្ឌលគិរីនេះ​នឹងត្រូវបង្ហាញមុខជាសាធារណៈ ។ បុគ្គលខ្លះ ពាក់ព័ន្ធនឹងរបររកស៊ីមួយនេះស្ទើរក្លាយទៅជាឧកញ៉ា​នៅក្នុងខេត្តមណ្ឌលគិរីទៅហើយ ។ នរណាក៏និយាយពីគាត់នេះដែរ ។

ក្នុងនាមប្រជាពលរដ្ឋម្នាក់ពិតជាចង់ឃើញ​អាជ្ញាធរថ្នាក់ខេត្តជាន់ខ្ពស់ណាមួយ​ចេញមុខទទួលខុសត្រូវ​ក្នុងការពាក់ព័ន្ធ ឬបើកដៃ​ឲ្យឈ្មួញ​ប្រព្រឹត្តបទល្មើស ។ ប្រាកដណាស់ថា រថយន្តធុនធំជាង​៤០គ្រឿង​ធ្វើសកម្មភាពរង្អើរព្រៃ មិនមែនថ្នាក់ដឹកនាំខេត្តមិនដឹងនោះទេ? បើ​ធ្វើ​ជាអភិបាលខេត្តមិនដឹង គួរតែលាលែង​ដូចលោក យន្ត មីន នោះទៅ? ប៉ុន្តែ​បើ​អស់លោកថ្នាក់ដឹកនាំខេត្តទទួលបានលាភសក្ការពីបទល្មើស​ដែលប្រព្រឹត្តដោយក្រុមឧកញ៉ាស៊ឹង សំអុលនោះ ដូច្នេះគួរតែហ៊ានប្រឈមចំពោះមុខច្បាប់​ដោយមិនចាំបាច់លាលែងពីតំណែងទេ ។ និយាយរួមទៅ ក្នុងនាមប្រជាពលរដ្ឋ​ពិតជាចង់ឃើញ​ថ្នាក់ដឹកនាំខេត្តនេះចេះទទួលខុស-ត្រូវ ក្នុងរឿងវិនាសកម្មព្រៃឈើ​ មិនមែន​រុញឲ្យ​អាម៉ី អាថោង ស្លាប់ជំនួសខ្លួននោះទេ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖