ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចគយចល័តតំបន់៣ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចូលឆែកត្រួតពិនិត្យក្នុងឃ្លាំងលក់ម៉ាសុីនភ្លើងចំនួន២កន្លែង មានម្ចាស់ជាជនជាតិចិន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចគយចល័តតំបន់៣ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដឹកនាំដោយលោកកែវ អង្កាម សហការជាមួយសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ដឹកនាំដោយលោកទុំ ណូ និងចូលរួមពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស, កម្លាំងកងរាជអាវុធហត្ថ ៤០២ របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីលោក សុខ កល្យាណប្រធានសាលាដំបូងខេត្តព្រះសីហនុ និងលោកព្រះរាជអាជ្ញា សៀង សុខ ហើយ និងលោកព្រះរាជអាជ្ញារង លឹម ប៊ុនហេង ដឹកនាំចុះអនុវត្តផ្ទាល់ អនុវត្តតាមដីកាលេខ២៨០៥ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ បានចូលឆែកត្រួតពិនិត្យក្នុងឃ្លាំងលក់ម៉ាសុីនភ្លើងចំនួន២កន្លែង មានម្ចាស់ជាជនជាតិចិន ដែលមានទីតាំងដូចខាងក្រោម៖

១-ឃ្លាំងស្តុកម៉ាស៊ីនភ្លើងមានឈ្មោះ ហាង ហ្វូលីស៊ឺថឹ មានទីតាំងនៅ ឃ្លាំងគ្មានលេខ ផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទល់មុខរោងចក្រស្រាបៀរក្រោន ។

២-ឃ្លាំងស្តុកម៉ាស៊ីនភ្លើង (គ្មានឈ្មោះ) មានទីតាំងនៅ ឃ្លាំងគ្មានលេខ ផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទល់មុខរោងចក្រស្រាបៀរក្រោន ឆៀងខាងលិច ស្ថិតនៅក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុ ។

បើតាមមន្ត្រីគយថ្លែងថា ក្នុងពេលឆែកត្រួតពិនិត្យកន្លែងលក់ម៉ាសុីនភ្លើងទាំង២កន្លែងនេះ សមត្ថកិច្ចរកឃើញមានម៉ាសុីនភ្លើងថ្មីទាំងតូចទាំងធំប្រមាណជាង៦០គ្រឿង ដែលមិនទាន់មានឯកសារបង់ពន្ធនាំចូលខុសនឹងនីតិវិធីគយ ។

ករណីនេះ សមត្ថកិច្ចគយបានដកហូតយកម៉ាសុីនភ្លើងទាំងអស់ទៅរក្សាទុកជាបណ្តោះអាសន្នរួចហើយតម្រូវឲ្យម្ចាស់ចូលទៅបង្ហាញឯកសារបង់ពន្ធ និងបើគ្មានឯកសារត្រឹមត្រូវ តម្រូវឲ្យម្ចាស់បង់ពន្ធជូនរដ្ឋ ជាមួយនឹងការផាកពិនយ័តាមនីតិវិធីច្បាប់ ។

មន្ត្រីគយថ្លែងបញ្ជាក់ដែរថា សកម្មភាពបង្ក្រាបទំនិញគេចពន្ធនេះ គឺអនុវត្តន៍តាមគោលការណ៍ណែនាំផ្ទាល់ពីប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបអំពើគេចពន្ធ និងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកគយ និងរដ្ឋាករកម្ពុជា ដែលតម្រង់ទិសឲ្យប្រតិបត្តិករឯកជនទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេសត្រូវគោរពច្បាប់ពន្ធគយ ដើម្បីប្រមូលប្រាក់ពន្ធជូនរដ្ឋ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖