ខេត្តកណ្តាល៖ ដីចំណីប្រឡាយតាហោ ប៉ែកខាងលិច អាចក្លាយទៅជាសួនច្បារលំអរនៅតាមមាត់ប្រឡាយនៅថ្ងៃអនាគត ស្រាប់តែបច្ចុប្បន្ននេះ ត្រូវបងប្អូនប្រជាពលរដចំណាកស្រុក មកទិញបោះបង្គោលយកទៅបោះអង្កន់ចែកគ្នាជាឡូត៍ៗហើយរួចស្រេចតាំងពីបីឆ្នាំមុន ។
ពលរដ្ឋដែលធ្វើដំណើរតាមមាត់ប្រឡាយបាននិយាយមិនដាច់ពីមាត់ថា ប្រឡាយមេមួយនេះ អាចជួយរំដោះទឹកភ្លៀងជន់មកម្តងៗ ហើយទឹកនេះយើងអាចបូមទឹកស្រោចស្របស្រូវវស្សា និងស្រូវប្រាំងក៏បាន មិនតែប៉ុណ្ណោះស្រោចដំណាំបន្លែ បង្ការផ្សេងៗទៀតផងដែរ ដើម្បីលើកស្ទួយជីវភាពក្នុងគ្រួសារ ។
ប្រភពដដែលបានបន្តទៀតថា បើសិនជាអាជ្ញាធរជំរុញ ជួយរកទីទួលសុវត្ថិភាពសមរម្យណាមួយ សម្រាប់ពលរដ្ឋក្រីក្រទីទាល់ គ្មានកន្លែងជ្រកកោន ទើបជាការល្អប្រសើរ ហើយត្រូវទុកដីចំណីប្រឡាយសាធារណៈសម្រាប់ធ្វើជាសួនច្បារ ឬកន្លែងកំសាន្តទាក់ទាញភ្ញៀវទេសចរណ៍ប្រសើរជាង ។
ចំពោះពលរដ្ឋដែលរស់នៅតាមដីចំណីប្រឡាយស្ថិតនៅភូមិស្រីស្នំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានរៀបរាប់ថា ពួកគាត់សព្វថ្ងៃ ដោយមានជីវភាពខ្វះខាត់ ទើបសម្រេចចិត្តមករស់នៅចំណុចខាងលើនេះទាំងបង្ខំចិត្ត ។
ពលរដ្ឋបានបន្ថែមថា នៅភូមិឆ្មាពួន ឃុំជើងកែប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលនៅជាប់គ្នានេះ ក៏មានការរំលោភយកហើយជនឆ្លៀតឱកាស យកដី និងធ្វើជាកម្មសិទ្ធិផ្ទាល់ ថែមទាំងមានការលក់បន្តទៅទៀត ដោយគិតតែក្បាលដីមួយម៉ែត្រតម្លៃ១០០ដុល្លារ ទៅ៣០០ដុល្លារ និងបណ្តាយចុះទៅក្នុងប្រឡាយ ។
គួររំលឹកថា ចំណុចដីចំណីប្រឡាយនេះ មានពលរដ្ឋក្នុងស្រុកផង ក្រៅស្រុកផង បានមកតាំងទីលំនៅជាងបីឆ្នាំមកហើយ វាអាចធ្វើឲ្យមានភាពច្របូកច្របល់ បង្កឲ្យមានអសន្តិសុខកើតមានជាយថា ហេតុណាមួយក៏មាន ។
លោក អ៑ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ទីតាំងខាងលើនោះ លោកបានសុំឆ្លងយោបល់លោកអភិបាលខេត្តគាត់ចាររួចហើយ ដីដែលពលរដ្ឋសាងសង់ផ្ទះ និងខ្ទមនៅទីនោះ គ្មានអ្នកណាអនុញ្ញាតឲ្យទេ និងរដ្ឋបាលស្រុក ក៏បានចុះណែនាំច្រើនលើកផងដែរ និងលើកនេះ សុំគោលការណ៍ចុះមិនឲ្យមានភាពអនាធិបតេយ្យកើតឡើងទៀតទេ ៕ ឆ ដា