ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីយកដុំថ្ម មកគរតម្រៀបលើទ្រូងផ្លូវសាធារណៈ ឥឡូវនេះ លោកឧកញ៉ា ជា រិទ្ធី ចាប់ផ្ដើមចាក់ស៊ីម៉ង់ដ៍បណ្ដុះបង្គោលថ្មលើទ្រូង ធ្វើជាព្រុំកម្មសិទ្ធិផ្ទាល់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ពិតជាខ្លាំងមែន លោកឧកញ៉ា ជា រិទ្ធី បន្ទាប់ពីយកដុំថ្មមកគរតម្រៀបលើទ្រូងផ្លូវសាធារណៈ ឥឡូវនេះលោកឧកញ៉ា ជា រិទ្ធី ចាប់ផ្ដើមចាក់ស៊ីម៉ង់ដ៍បណ្ដុះបង្គោលថ្មលើទ្រូងធ្វើជាព្រុំកម្មសិទ្ធិផ្ទាល់ខ្លួនហើយព្រោះអាជ្ញាធរ សង្កាត់ និង ខណ្ឌជ្រោយចង្វាប្រហែលត្រូវថ្នាំសណ្តុំរបស់លោកឧកញ៉ាហើយមើលទៅ បានជាមិនមានវិធានហាមឃាត់ទាល់តែសោះនោះ ។

ទីតាំងដីដែលលោកឧកញ៉ា ជា រិទ្ធី រំលោភយកផ្លូវសាធារណៈក្នុងគោលបំណងវាទធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ មានទីតាំងនៅខាងមុខស្ពានសម្តេចជាស៊ីមព្រែកតាគង់ ក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយវង្វារ រាជធានីភ្នំពេញ ។

ដោយសារតែឃើញទង្វើរបស់លោកឧកញ៉ា ជា រិទ្ធី កំពុងតែរំលោភយកផ្លូវសាធារណៈបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅភូមិព្រែកតាគង់ ទាំងមូលកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ពីការបាត់បង់ផ្លូវសាធារណៈកាន់តែតូចចង្អៀតជាងនេះទៀត ហើយបើលោកឧកញ៉ារូបនោះ គាត់ចាប់ផ្តើមវាទព្រំដីចេញមកក្រៅរបងដីរបស់ខ្លួន ប្រហែល៤ទៅ៥ម៉ែត្រ ចូលមកលើទ្រូងសាធារណៈបែបនេះនោះ ។

ពាក់ព័ន្ធនឹងការរំលោភយកចំណីផ្លូវធ្វើជាកម្មសិទ្ធិរបស់លោកឧកញ៉ា ជា រិទ្ធី នោះដែរប្រជាពលរដ្ឋក៏បានចោទអាជ្ញាធរ សង្កាត់ព្រែកតាសេកដែលគ្រប់គ្រងដោយលោកឧកញ៉ាអឿ ស៊ីផុន ចៅ សង្កាត់ និង ខណ្ឌជ្រោយចង្វា ក្រោមការដឹកនាំរបស់លោកឃ្លាំងហួតអភិបាលនៃគណៈអភិបាល ខណ្ឌជ្រោយចង្វា ប្រហែលជាត្រូវរ៉ូវគ្នាជាមួយលោកឧកញ៉ារូបនោះហើយ បានជាបណ្ដែតបណ្ដោយឲ្យលោកឧកញ៉ារូបនោះគាត់ធ្វើអ្វីតាមអំពើចិត្តរបស់គាត់បែបនេះនោះ ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ការរំលោភយកចំណីផ្លូវសាធារណៈក្នុងគោលបំណងមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបែបនេះមិនមែនអាជ្ញាធរ សង្កាត់ព្រែកតាសេក និងអាជ្ញាធរ ខណ្ឌជ្រោយចង្វាមិនដឹងនោះទេព្រោះពេលដែលលោកឧកញ៉ា ជា រិទ្ធី រូបនោះគាត់ចាប់ផ្តើមបញ្ជាឲ្យកម្មករយកដុំថ្មធំៗមកតម្រៀបជាជួរចាប់ពីខាងមុខស្ពានសម្តេចជាស៊ីមព្រែកតាគង់(ពោលគឺខាងមុខដីរបស់គាត់)ដោយដាក់លើទ្រូងផ្លូវតែម្តងធ្វើឲ្យប៉ះទង្គិចពាក្យសំដីជាមួយអ្នករស់នៅអមសងខាងផ្លូវដែលលោកឧកញ៉ា ជា រិទ្ធី នោះរំលោភហើយក៏មានទាំងអាជ្ញាធរ សង្កាត់ និង ខណ្ឌបានចុះមកដល់កន្លែងកើតហេតុផងដែរ ។

មិនតែប៉ុណ្ណោះអាជ្ញាធរ ខណ្ឌជ្រោយចង្វាក៏បានណាត់ភាគីទំនាស់ទាំងសងខាងនោះទៅសួរនាំនៅសាលា ខណ្ឌធ្វើជាកំណត់ហេតុតម្កល់ទុកផងដែរកាលពីដើមខែមេសាឆ្នាំ២០១៩នេះ ។ តែផ្ទុយទៅវិញការដែលអាជ្ញាធរ ខណ្ឌជ្រោយចង្វាបានហៅលោកឧកញ៉ា ជា រិទ្ធី ទៅសួរនាំពីរឿងហេតុដែលយកដុំថ្មមកដាក់តម្រៀបជាជួរលើទ្រូងផ្លូវនោះបានដឹងពីហេតុផលហើយដុំថ្មទាំងនោះមិនត្រូវបានលោកឧកញ៉ា ជា រិទ្ធី ដកចេញវិញនោះទេ គឺថែមទាំងយកដែកថ្នាំងអំពៅមកបោះក្នុងគោលបំណងកំណត់ព្រំដីរបស់គាត់ចេញខាងក្រៅរបងដីរបស់គាត់ប្រហែលជា៤ទៅ៥ម៉ែត្ររហូតមកដល់ពេលនេះស្រាប់តែឧកញ៉ា ជា រិទ្ធី រូបនោះបានចាប់ផ្តើមចាក់បេតុងបណ្តុះបង្គោលថ្មចេញខាងក្រៅរបងដីរបស់គាត់ក្នុងគោលបំណងវាទរបងចេញក្រៅធ្វើឲ្យប៉ះពាល់ទ្រូងផ្លូវសាធារណៈកាន់តែតូចចង្អៀតហើយ ។

ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថាផ្លូវសាធារណៈ ដែលត្រូវបានលោកឧកញ៉ា ជា រិទ្ធី រំលោភចេញមកក្រៅរបងដីគាត់នោះ គឺផ្លូវនោះភ្ជាប់ពីផ្លូវជាតិលេខ៦ចូលផ្សារព្រែកខ្វិតឆ្លងស្ពានសម្ដេចជាស៊ីមព្រែកតាគង់ឆ្ពោះទៅត្រង់ដល់គល់ស្ពានលីយ៉ុងផាត់ ។ ផ្លូវមួយខ្សែនោះ មុនដំបូងត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរ សង្កាត់ដែលមានលោកអឿ ស៊ីផុន ជាចៅ សង្កាត់បានផ្ដួចផ្ដើមសមគំនិតបង្កើតបើកផ្លូវនោះឡើង ។ ចំណែកលោកឧកញ៉ា ជា រិទ្ធី វិញជាអ្នកចំណូលថ្មីតែប៉ុណ្ណោះគាត់មិនបានបរិច្ចាកដីមួយចំរៀកណាដើម្បីបើកផ្លូវរាល់ថ្ងៃនេះទេ ។ ចឹងហើយម៉េចក៏គាត់ចង់បានអត់ខ្មាស់គេចឹងឬក៏គាត់អាងជាឧកញ៉ា មានអំណាចលើ សង្កាត់ និង ខណ្ឌដែលមិនធ្វើអ្វីគាត់នោះ ។

ចឹងហើយប្រជាពលរដ្ឋ ក៏ទទួចស្នើទៅលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញគួរតែលោកមានវិធានការចំពោះលោកឧកញ៉ារូបនោះផងព្រោះសព្វថ្ងៃនេះបើពួកគាត់ប្តឹង សង្កាត់នឹង ខណ្ឌជ្រោយចង្វាគឺគ្មានប្រសិទ្ធិភាពនោះចៀសវាងលោកឧកញ៉ារូបនោះគាត់វាទរបងចេញមកក្រៅថែមទៀតនោះ ៕ អរុណរះ


ចែករំលែក៖