ខេត្តពោធិ៍សាត់៖ យុវជនម្នាក់ខ្ចីម៉ូតូអ្នកស្គាល់គ្នាថា ទៅទិញមីមួយភ្លែត បែរជាជិះយកទៅដើរអំពាវនាវលក់ពេញខេត្តពោធិ៍សាត់ ប៉ះចំកម្លាំងកំពុងល្បាតមានការសង្ស័យឃាត់ចាប់ដាក់ខ្នោះ ទើបដឹងថា ជាករណីឆបោក ។
ហេតុការណ៍ខាងលើបានធ្វើឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសាស្ត្រភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលតាលោប្រាប់ថា នៅវេលាម៉ោង៧យប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ កន្លងមកនេះ ឈ្មោះ មួយ ភារៈ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិជង្រុក ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ បានធ្វើសកម្មភាពដោយខ្ចីម៉ូតូរបស់ឈ្មោះ ផល សម្ភស្ស ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ ថាទៅទិញមីហូបមួយភ្លែតរហូតដល់ចាប់ខ្លួន ។
ប្រភពខាងលើបន្តថា ជនសង្ស័យឈ្មោះ មួយ ភារៈ និងម្ចាស់ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 2L 7212 ឈ្មោះ ផល សម្ភស្ស ជាមនុស្សស្គាល់គ្នា ហើយជនសង្ស័យនិយាយថា ខ្ចីម៉ូតូទៅមីហូបមួយភ្លែត ក៏បាត់រហូត ដោយមានកិច្ចសហការបានល្អរវាងម្ចាស់ម៉ូតូ និងសមត្ថកិច្ច ទើបស្រាវជ្រាវពួនស្ទាក់ចាប់បានដើម្បីបន្តនីតិវិធី ។
ប្រភពព័ត៌មានដដែលបន្តទៀតថា ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា ក្រោយរូបគេបានធ្វើសកម្មភាពខ្ចីម៉ូតូបានហើយនោះ គេជិះសំដៅខេត្តពោធិ៍សាត់ទាំងយប់ លុះព្រឹកឡើងថ្ងៃទី១១ ខែកក្កដា គេជិះដើររកទីផ្សារលក់ ប៉ុន្តែលក់មិនដាច់ធ្វើរូបគេមានអារម្មណ៍វិលវល់ ក៏សម្រេចជិះត្រឡប់ទៅវិញ ទើបប៉ះចំនគរបាលស្រុកភ្នំក្រវាញកំពុងល្បាត ឃាត់ចាប់បានតែម្ដង ។
នគរបាលស្រុកភ្នំក្រវាញបានប្រគល់ទៅនគរបាលស្រុកតាលោសែនជ័យ ដើម្បីបំពេញសំណុំឯកសារបញ្ជូនបន្តទៅការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត ៕ បុឹម ពិន