ព័ត៌មានទាន់ហេតុការណ៍៖

កំណាត់ផ្លូវលេខ១១០ ពីស្ពានព្រែកសំរោង ទៅដល់ព្រំប្រទល់ រវាងស្រុកស្អាង និងកៀនស្វាយ មានសភាពកាន់តែពិបាកធ្វើដំណើរ

ចែករំលែក៖

ភ្នំពេញ៖ កំណាត់ផ្លូវលេខ១១០ ដែលតភ្ជាប់ពី ខណ្ឌច្បារអំពៅទៅកាន់ស្រុកកោះធំ ព្រំដែនវៀតណាម បានទទួលរងនូវការខូចខាតធ្ងន់ធ្ងរ ជាពិសេសនៅក្នុងភូមិសាស្ត្រ ឃុំឈើទាល និង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

កន្លែងខ្លះធ្វើឲ្យអ្នកបើកបរយានយន្តមានការព្រួយបារម្ភពីសុវត្ថិភាព ព្រោះមានទឹកដក់នៅអមសងខាងផ្លូវតែម្តង ជាកត្តាប្រឈម និងគ្រោះថ្នាក់គ្រប់ពេលវេលា ប្រសិនបើអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ។ កន្លែងខ្លះទៀតមានជង្ហុកជ្រៅៗហើយដក់ទឹកដូចជាកូនត្រពាំងនៅកណ្តាលផ្លូវឥញ្ចឹង ដោយឡែកប្រជាពលរដ្ឋមានទីលំនៅអមសងខាងផ្លូវម្នាក់ៗបានត្រឹមតែជជែកគ្នានៅតាមតុកាហ្វេពីបញ្ហាយឺតយ៉ាវនៃការស្ថាបនាផ្លូវលេខ១១០ឡើងវិញ ។

ដូចឃើញក្នុងរូបភាពនេះកំណាត់ផ្លូវលេខ១១០ នៅក្នុងឃុំឈើទាល និងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ រងនូវការខូចខាតធ្ងន់ធ្ងរខ្លាំងពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ ។ ដែលការខូចខាតនេះត្រូវបានប្រជាពលរដ្ឋប្រាប់ថា ខូច២_៣ឆ្នាំមកហើយ ដោយសារកត្តាររួមផ្សំដូចជារថយន្តដឹកទំនិញធន់ធ្ងន់ដឹកលើសទម្ងន់អតិបរមា ប្រភេទយីឌុបភ្លៅ៤ ភ្លៅ៥ បើកឆ្លងកាត់ និងកត្តាធាតុអាកាស់ភ្លៀងធ្លាក់ជាប់ៗគ្នា ទើបធ្វើឲ្យកំណាត់ផ្លូវនេះរងនូវការខូចខាតធ្ងន់ធ្ងរ ជាពិសេសនៅក្នុងឃុំកំពង់ស្វាយតែម្តងខូចខាតខ្លាំងជាងគេ ចំណែកនៅឃុំឈើទាលក្រុមការងារស្ថាបនាផ្លូវកំពុងតែរៀបចំដាក់ប្រព័ន្ធលូរនៅតាមបណ្តោយផ្លូវលេខ១១០ ដើម្បីរំដោះទឹកកុំឲ្យជនលិចផ្លូវ ។

អាជីវករលក់ដូរឈ្មោះស្រី លីន ដែល ប្រកបអាជីវកម្មនៅជាប់ផ្លូវកែងរវាងផ្លូវលខ១១០ និង ផ្លូវលេខ១១៦A បានប្រាប់ដូច្នេះថា ផ្លូវលេខ១១០នេះខូចខាតយូរដែរហើយតែពីមុនមានជង្ហុកតូចៗ ឥឡូវនេះមានជង្ហុកធំៗណាស់ សូមបីតែនៅផ្លូវកែងរវាងផ្លូវលេខ១១០ និង ផ្លូវលេខ១១៦A ក៏មានជង្ហុកជ្រៅដែរ ដោយសាររថយន្តដឹកទំនិញធន់ធ្ងន់បើកបរតាមផ្លូវលេខ១១០ បត់ឡើងទៅតាមផ្លូវលេខ១១៦A សំដៅទៅផ្លូវជាតិលេខ១ ហើយសព្វថ្ងៃឃើញក្រុម ការងារកំពុងស្ថាបនាផ្លូវលេខ១១០ នៅក្នុងឃុំឈើទាល តែមិនដឹងពេលណា ស្ថាបនាមកដល់ឃុំកំពង់ស្វាយនោះទេ ។

ពាក់ព័ន្ធបញ្ហានេះ កន្លងមកលោកស្រីអ៊ុក សឿន មេឃុំឈើទាលបានប្រាប់ថា ការជួសជុលកែលម្អផ្លូវលេខ១១០ឲ្យងាយស្រួលក្នុងការធ្វើដំណើរឡើងវិឡើងវិញនេះ អាជ្ញាធរឃុំពុំមានលទ្ធភាពនោះទេ ទាមទារឲ្យមានខាងជំនាញចុះមកសិក្សាច្បាស់លាស់ ទាល់តែថ្នាក់ខេត្ត និងក្រសួងទើបមានលទ្ធភាព ចំណែកអាជ្ញាធរឃុំ សហការជាមួយស្រុក បានត្រឹមតែសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារដើម្បីស្ថាបនាផ្លូវតែប៉ុណ្ណោះ ។ យ៉ាងណា ក៏ដោយក្នុងនាមអាជ្ញាធរឃុំសុំការយោគយល់ពីប្រជាពលរដ្ឋ និងអ្នកដំណើរព្រោះឥឡូវក្រុមការងារថ្នាក់ក្រសួង និងដៃគូរអភិវឌ្ឍន៍កំពុងដំណើរស្ថាបនាផ្លូវ និងដាក់ប្រព័ន្ធលូហើយ ៕ សណ្តោស


ចែករំលែក៖