ខេត្តឧត្ដរមានជ័យ៖ នាងក្រមុំម្នាក់ដែលទើបភ្ជាប់ពាក្យជាមួយគូដណ្តឹងបាន១ថ្ងៃ ត្រូវម្ដាយបង្កើតចាប់ចង និងដាក់ច្រវាក់បង្ខាំង នៅក្នុងផ្ទះមេប៉ុស្តិ៍នគររដ្ឋបាលបាក់អន្លូងដែលត្រូវជាដន្លង ព្រោះតែចង់បំបែកចេញពីគូដណ្ដឹងរបស់នាងឲ្យទៅយកប្តីនៅក្រុងភ្នំពេញ ។
រឿងរ៉ាវទាំងនេះត្រូវបានភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃសុក្រ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ និងថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១៩ នៅភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បន្ទាប់ពីនារីរងគ្រោះទៅដាក់ពាក្យបណ្តឹងឲ្យនគរបាល ស្រុក ជួយរកយុត្តិធម៌ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះ ឈ្មោះ ស៊ុន ស្រីនិច អាយុ១៩ឆ្នាំ ត្រូវម្ដាយបង្កើតឈ្មោះ ឈ្មោះហៀង មុំ អាយុជាង៤០ រស់នៅភូមិតាសំ ឃុំអូរស្វាយស្រុកត្រពាំងប្រាសាទខេត្តឧត្ដរមានជ័យ ។ នាងអះអាងប្រាប់សមត្ថកិច្ចថា ម្តាយបង្កើតបានបង្កហិង្សាបង្ខាំង ចង និងដាក់ច្រវ៉ាក់ នៅក្នុងផ្ទះលោករ៉ាត់ (ឈ្មោះហៅក្រៅ)ជាមេប៉ុស្ដិ៍នគរបាលរដ្ឋបាលបាក់អន្លូង(ឃុំផ្សេង) ព្រោះតែចង់បំបែកចេញពីគូដណ្ដឹង របស់នាង ឲ្យទៅយកប្តីនៅក្រុងភ្នំពេញ ។
នាង ស៊ុន ស្រីនិច បានរៀបរាប់យ៉ាងក្បោះក្បាយថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ម្ដាយបង្កើតរបស់នាង បានប្រើហិង្សាមកលើរូបនាងយ៉ាងខ្លាំង ដោយចាប់នាងចង និងខ្សែព្រមទាំងដាក់ច្រវាក់យកទៅឃុំខ្លួននៅផ្ទះ តារ៉ាត់ ជាមេប៉ុស្ដិ៍នគរបាលរដ្ឋាបាល បាក់អន្លូង អស់រយៈពេល៧ម៉ោងគឺតាំងពីម៉ោង៣រសៀលដល់ម៉ោង១០យប់ទើបដោះលែង ។
នាង ស៊ុន ស្រីនិច បានបញ្ជាក់ទៀតថា ម្តាយនាងបានធ្វើទារុណកម្ម វ៉ៃធ្វើបាបចាប់ចង និងដាក់ច្រវាក់លើរូបនាងនេះព្រោះតែចង់បំបែកបំបាក់នាងពីគូដណ្ដឹងឈ្មោះ សួរ ណេត អាយុ២០ឆ្នាំ រស់នៅភូមិជាមួយគ្នាក្រោយនាងបានភ្ជាប់ពាក្យបានមួយថ្ងៃ និង ដើម្បីបង្ខំចង់ឲ្យនាងទៅយកប្ដីនៅទីក្រុង ភ្នំពេញជាអ្នកមានទ្រព្យស្ដុកស្ដម្ភ និងមានការងារល្អធ្វើ និងគេ ។ ការបង្ខំនេះត្រូវបាននាងប្រកែកមិនព្រមទទួលយកដាច់ខាតទោះស្លាប់ក៏មិនអាចបែកគ្នាជាមួយបុរសជាគូដណ្ដឹងរបស់នាងបានដែរ ព្រោះនាងបានទុំមុនស្រគាល រហូតដល់មានផ្ទៃពោះ៣ខែទៅហើយ ។
នាងរៀបរាប់ទៀតថា ពេលដែលម្ដាយរបស់នាងឃុំខ្លួននាងចង និងច្រវ៉ាក់នៅលើផ្ទះ តារ៉ាត់ ជាមេប៉ុស្ដិ៍នគរបាលរដ្ឋបាលនោះ លោក តារ៉ាត់ បាននិយាយទៅកាន់ម្ដាយនាងតាមទូរស័ព្ទថា អ្នកធ្វើអ៊ីចឹងឃោឃៅពេកហើយ ។ យ៉ាងណាតារ៉ាត់និយាយបែបនេះមែន តែគាត់មិនអាចជួយនាងបានទេព្រោះគាត់ និងម្ដាយរបស់នាងជាដន្លង និងគ្នា ។
ទាក់ទិន និងរឿងនេះដែរ លោកអ៊ិន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទបានឲ្យដឹងថា រឿងនេះលោកបានជួយធ្វើអន្តរាគមន៍រួចហើយដែរនៅពេលម្ដាយនាង ស៊ុន ស្រីនិច តាមយាយីកូនស្រី រួចថែមទាំង បានឲ្យនាងសម្រាកនៅ និងកន្លែងធ្វើការរបស់លោកអស់មួយយប់ទៀតផងដើម្បីការពារសុវត្ថិភាពកុំឲ្យម្តាយធ្វើបាប ។
លោកបន្តថារឿងនេះលោកក៏បានកោះអញ្ជើញម្ដាយនារីខាងលើមកបំភ្លឺក្នុងករណីបង្ខាំងកូនស្រីខុសច្បាប់ដែរតែពួកគាត់មិនបានចូលបំភ្លឺទេ ។ ម្យ៉ាងទៀតលោកបានពន្យល់ដល់នាង ស៊ុន ស្រីនិច បើស្រលាញ់គ្នាប្តូរផ្តាច់ជាមួយគូដណ្តឹងយ៉ាងនេះ នាងអាចដឹកដៃគូដណ្តឹងទៅចុះ អេតាស៊ីវីល(លិខិតទទួលស្គាល់អាពាហ៍ពីពាហ៍) នៅសាលាឃុំបាន ។
ចំណែកនាង ស៊ុន ស្រីនិច វិញប្រាប់ថា នាងធ្វើតាមការណែនាំរបស់លោកអធិការហើយ តែពេលទៅដល់សាលាឃុំគេមិនព្រមធ្វើឲ្យទេ ។
ចំណែកលោកតា រ៉ាត់ជាមេប៉ុស្ដិ៍នគរបាលបាក់អន្លូងបានបដិសេធថានារីដែលត្រូវម្ដាយចាប់ចង និងច្រវ៉ាក់នៅផ្ទះរបស់លោកនោះលោកមិនបានដឹងទេ ព្រោះលោកជាប់រវល់ការងារនៅប៉ុស្ដិ៍ឯណេះ ។
យ៉ាងណារឿងរ៉ាវនេះ ត្រូវបានលោកអធិការនគរបាលស្រុក ត្រពាំងប្រាសាទ អះអាងថា បើមានពាក្យបណ្តឹងពីកូនស្រីទៅហើយ ស្រ្តីជាម្តាយមិនរួចខ្លួនទេ សមត្ថកិច្ចរបស់លោក និង ចាត់ការតាមច្បាប់ ៕ ប៉ែន នួន