ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសនៅតែមានចរាចរណ៍ដដែល ខណៈយុទ្ធការក្តៅបង្ក្រាបដុតកម្ទេច រថយន្តប្រព្រឹត្តបទល្មើស ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍សៅ សុខា

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ គេសង្គេតឃើញការដឹកជញ្ជូនឈើខុសច្បាប់ មិនថា ឈើប្រណីត ឈើលេខ១ និងឈើលេខ២ រួមទាំងរថយន្តដឹកជញ្ជូនឈើសិប្បកម្មល្មើសច្បាប់ ថែមទាំង លួចបង្គប់ឈើឆៅ ដឹកជញ្ជូនទាំងយប់ ទាំងថ្ងៃយ៉ាងគឃ្លើន ចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះយ៉ាងរលូន គ្មានសមត្ថកិច្ច ឬមន្ត្រីជំនាញណាហ៊ានបង្ក្រាបនោះទេ សូម្បីតែចរាចរណ៍ នៅចំណុចអូរច្រឡង់ ក៏មិនហ៊ានក្អក និងឃាត់ សួរនាំ ឬឆែកឆេរនោះដែរ ព្រោះពួកគាត់ទាំងនោះ បានសើមមាត់ បានសើមកហើយទេដឹង ទើបនាំគ្នាដេកលង់លក់ ស្កប់ស្កល់អស់ហើយ ទោះបីអ្នកសារព័ត៌មានរាយការណ៍ ជូនសមត្ថកិច្ច និងមន្ត្រីជំនាញយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ច និងមន្ត្រីជំនាញទាំងនោះ ក៏នាំគ្នា ធ្វើពុតជាដេកលក់ទុកឲ្យបទល្មើសធ្វើសកម្មភាព ដឹកជញ្ជូនតាមអំពើចិត្តមិនខ្វល់ យ៉ាងច្រើនឆ្លើយថា ខ្ញុំធ្វើ ខ្ញុំនឹងឲ្យកូនចៅទៅមើល ហើយក៏ស្ងាត់ឈឹងបន្តទៅទៀត ។

ជាក់ស្តែងដូចជាឈើសន្លឹកទ្វារ ដែលឈ្មួញដឹកយកមកទម្លាក់ចោល នៅកណ្តាលផ្លូវក្រោយទំនប់អូរខ្លុងនោះ ក្រោយពីរាយការណ៍ជូនជំនាញរដ្ឋបាលព្រៃឈើរួច លោកឆ្លើយថា ចាំឲ្យកូនចៅទៅមើល ហើយក៏ស្ងាត់តែម្តងទៅ នៅចំណុចក្រោយទំនប់អូរខ្លុង ស្ថិតក្នុងភូមិរាជានុកោល សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង ។

ជុំវិញរឿងនេះ លោកអន សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត លោកបានត្រឹមឆ្លើយថា លោកធ្វើ ឲ្យតែមានបទល្មើស ចាំលោកសួរនាំទៅកូនចៅសិន នឹងអាលឲ្យគេចុះទៅ រួចក៏ស្ងាត់ឈឹង ក្រោយពីបានសួរនាំដឹងរឿងហើយនោះ នូវថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ហើយរួមទាំងមេឈ្មួញឈ្មោះ ចែ ភ័ណ្ឌ រូបនេះគាត់តែងតែធ្វើសកម្មភាព ដឹកជញ្ជូនឈើប្រភេទធ្នុង ចេញពីស្រុកសៀមប៉ាង មកស្ទុកក្នុងខេត្តស្ទឹងត្រែង រួចសាងបន្តដឹកចេញ ឆ្លងកាត់ទឹកដីខេត្តក្រចេះ រៀងរាល់យប់ ដោយចងកៅអីបញ្ឆោតពីរ ពីក្រោយរថយន្ត ងាយស្រួលបន្លំ ហើយសមត្ថកិច្ចឆ្លើយថា គេដឹកសង្ហារឹមទេ ។

ប្រជាពលរដ្ឋក្នុងខេត្តបានចូលរួមត្រេកអរ និងគាំទ្រយ៉ាងពេញទំហឹង នូវយុទ្ធនាការក្តៅគគុក របស់នាយឧត្តមសេនីយ៍សៅ សុខា ដែលជាប្រធានក្រុមទប់ស្កាត់ និងបង្ក្រាប ធនធានធម្មជាតិ និងជាមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានដឹកនាំកម្លាំង និងបញ្ជាផ្ទាល់ ចុះបង្ក្រាបរថយន្តដឹងឈើជាង៤០គ្រឿង រួមទាំងរថយន្តបាកុង ដែលប្រព្រឹត្តិបទល្មើស ដឹកជញ្ជូនឈើ ធ្វើឲ្យបាត់បង់ព្រៃឈើ ដែលជាទ្រព្យសម្បត្តិរដ្ឋ និងចាប់ឃាត់ខ្លួនមេឧក្រិដ្ឋជនបំផ្លាញព្រៃឈើ ដ៏ធំនៅប៉ែកភូមិភាគឦសានក្នុងខេត្តមណ្ឌលគីរី ហើយដែលនៅសេសសល់ រត់គេចមកពួនលាក់ខ្លួនក្នុងភូមិសាស្ត្រនានា នៅតាមបណ្តាខេត្តជាប់ព្រំប្រទល់ តែត្រូវរុករកឃើញ និងបង្ក្រាបជាបន្តបន្ទាប់ ។

ម្យ៉ាងទៀត ស្នើឲ្យលោកនាយឧត្តមសេនីយ៍ មេត្តាបង្ក្រាបទាំងម៉ូតូដឹកឈើ រថយន្តដឹកឈើ តូចធំដែលកំពុងលបលួចធ្វើសកម្មភាព ដឹកឈើរាល់ថ្ងៃក្នុងខេត្តស្ទឹងត្រែង នេះហើយជាដើម ធ្វើឲ្យបាត់បង់ព្រៃឈើ មួយនេះផងទាន ទើបអាចរក្សាព្រៃឈើបាន រួមទាំងគ្រឿងចក្រកំពុងឈូសឆាយ កកាយ វាយទន្ទ្រានយកដីព្រៃរដ្ឋ ធ្វើជាកម្មសិទ្ធិស្របច្បាប់ ពីសំណាក់មេឈ្មួញដីមានលុយមានអំណាចជាដើម ៕ មាស សុផាត


ចែករំលែក៖