ព័ត៌មានទាន់ហេតុការណ៍៖

មេជាងសំណង់ម្នាក់ រងរបួសធ្ងន់ បញ្ជូនដល់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតស្លាប់

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសជាងសំណង់ម្នាក់សង្ស័យស្រវឹងស្រា ធ្លាក់ពីលើផ្ទះកំពុងសាងសង់កម្ពស់ពីរជាន់ស្លាប់កាលពីវេលាម៉ោង១០ និង២៤នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបុរី K.T.H ឋិតក្នុងភូមិសាមគ្គី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពពីសមត្ថកិច្ចឈជើងក្បែរកន្លែងកើតហេតុប្រាប់ថា ជនរងគ្រោះមុនកើតហេតុ គាត់មានសភាពស្រវឹងស្រា បន្ទាប់ពីចាក់ពិតានប្លង់សេ យប់ថ្ងៃកើតហេតុរូច មេជាងរួបនោះ បានឡើងទៅបាញ់ទឹក ប៉ុន្តែមិនដឹងមូលហេតុ ក៏ធ្លាក់មកក្រោម បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវក្រុមកម្មករនៅទីនោះ ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុង តែអកុសលជនរងគ្រោះបានបាត់បង់ជីវិតនៅកន្លែងកើតហេតុ ។

ប្រភពមួយទៀតប្រាប់ថា ជនរងគ្រោះគេសង្ស័យខ្យល់គរ ទើបបណ្ដាលឲ្យធ្លាក់ពីលើផ្ទះតែម្ដង ។

លោកប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ហ៊ុល សុផល្លី ប្រាប់តាមទូរសព្ទនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ថា ករណីខាងលើនេះ ពិតជាមានមែន ដោយឈ្មោះជនរងគ្រោះ ទុយ ពិន ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅក្នុងទីក្រុងប៉ោយប៉ែត ។ លោកបញ្ជាក់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅកន្លែងកើតហេតុ បន្ទាប់ពីពិនិត្យរបស់មន្ត្រីពេទ្យ ។ ក្រោយពីការពិនិត្យពីមន្ត្រីពេទ្យរួចរាល់ សពរងគ្រោះបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។

ករណីខាងលើនេះ គេមិនបានឃើញសមត្ថកិច្ចជំនាញចុះទៅស្រាវជ្រាវធ្វើកំណត់ហេតុនោះទេ ចំពោះសពរងគ្រោះដែលថា ការធ្លាក់ពីលើផ្ទះកម្ពស់ពីរជាន់ បណ្ដាលឲ្យស្លាប់មិនបានដឹងមូលហេតុអ្វីច្បាស់លាស់នោះទេ ។

ជុំវិញសពរងគ្រោះនេះ លោកនាយប៉ុស្តិ៍ប៉ោយប៉ែត អ៊ឹម សុភារៈ ប្រាប់តាមទូរសព្ទនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ថាលោកមិនបានទទួលព័ត៌មាននោះទេ ដោយមិនមានអ្នករាយការណ៍ ៕ នីម វណ្ណា


ចែករំលែក៖