ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួសធ្ងន់ ៦នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ ៣លើក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ និងចំនួន ៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់ជាបន្តបន្ទាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បីលើកផ្សេងគ្នា ដែលបានកើតឡើងទូទាំងខេត្ត ។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងប្រាប់ថា នៅល្ងាចថ្ងៃសុក្រ ១០កើត ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់កៅស៊ូ មាត់ស្ទឹងពោធិ៍សាត់ ត្រើយខាងលិច ស្ថិតក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ បង្កឡើងដោយអ្នកបើកបររថយន្តម៉ាក Ranrover ពណ៌ស ពាក់ស្លាកលេខ 2AX 2323 ឈ្មោះ ឯក តើ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការខារ៉ាអូខេ (ស្លាមាស) មានទីលំនៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ បើកបរក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះដល់កន្លែងកើតហេតុបានរេចង្កូតបុកអ្នកជិះម៉ូតូច្រាសទិសគ្នា ធ្លាក់ចូលស្នាមភ្លោះទាំងម៉ូតូទាំងរថយន្ត បណ្ដាលឲ្យភាគីខាងម៉ូតូរបួសធ្ងន់ ។

ចំណែកប្រភពពីនគរបាលស្រុកភ្នំក្រវាញឲ្យដឹងដែរថា នៅយប់ថ្ងៃទី១៣ ខែឆ្នាំដដែល នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥៥ ត្រង់ចំណុចដំណាក់ឈើក្រម ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ម្ដងទៀតបានកើតឡើង រវាងអ្នកជិះម៉ូតូ និងរថយន្តបើកបត់ឆ្វេងដៃច្រាសទិសគ្នា បណ្ដាលឲ្យភាគីបើកបរម៉ូតូរបួសធ្ងន់ និងអ្នករួមដំណើរស្លាប់ភ្លាមៗ ។

ដោយឡែក៖ ប្រភពពីនគរបាលស្រុកក្រគរឯណេះវិញ នៅវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែឆ្នាំដដែល នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍ម្ដងទៀតបានកើតឡើង បង្កឡើងដោយអ្នកបើកបររថយន្តម៉ាក FUSO ពណ៌ស្វាយ ពាក់ស្លាកលេខ តាកែវ 3A 0869 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច ជ្រុលបុកគូថរថយន្តដឹកអ្នកដំណើរពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ចំនួន៣នាក់ ។

ប្រភពព័ត៌មានខាងលើបញ្ជាក់បន្ថែមទៀតថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ទាំងចំនួន ៣លើក ដែលបានកើតឡើងមន្រ្ដីជំនាញចរាចរណ៍ផ្លូវគោកមមាញឹកដើម្បីបន្តនីតិវិធី ៕ បុឹម ពិន


ចែករំលែក៖