ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបាកុងខុសច្បាប់៦គ្រឿង រត់គេចខ្លួន ត្រូវបានកម្លាំងអាវុធហត្ថខេត្ត រកឃើញ សហការជាមួយអាជ្ញាធរ ដុតកម្ទេចចោលនៅនឹងកន្លែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមន្ត្រីជំនាញ និងអាជ្ញាធររុករកឃើញរថយន្តបាកុង៦គ្រឿង រត់គេចពួនលាក់ខ្លួនសម្ងំទុកពេលស្ងាត់ ធ្វើសកម្មភាពដឹកជញ្ជូនឈើបន្ត តែត្រូវសមត្ថកិច្ចខេត្តស្រាវជ្រាវរកឃើញរួចនាំមកដុតបំផ្លាញចោល នៅនឹងកន្លែង ក្រោមបទបញ្ជាដ៍ក្តៅរបស់នាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការរងកងខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបធនធានធម្មជាតិ ត្រូវបាននាំរថយន្តបាកុងទាំង៦គ្រឿង មកដុតបំផ្លាញចោលនៅវេលាម៉ោង១១និង៤៥នាទី ថ្ងៃអាទិត្យ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

ជាក់ស្តែងរថយន្ត៦គ្រឿង ត្រូវបានរកឃើញ និងដុតកម្ទេចចោលនៅនឹងកន្លែង ដែលជាមធ្យោបាយដឹកជញ្ជូនឈើខុសច្បាប់ ។

តាមប្រភពបានឲ្យដឹងថា រថយន្ត៦គ្រឿងនេះ ត្រូវបានរត់គេចពួនមកជ្រកនៅចំណុចទីតាំងខាងលើ ដែលគេដឹងថា រត់គេចពីទឹកដីស្រុកកោះញែក ខេត្តមណ្ឌលគីរី ក្រោយពីប្រតិបត្តិការចុះរឹបអូស រថយន្តយីឌុបដឹកឈើ ជាង៤០គ្រឿង រួមទាំងរថយន្តបាកុង និងដុតកម្ទេចចោល ក្រោយការដឹកនាំបញ្ជាផ្ទាល់ ពីលោកនាយឧត្តមសេនីយ៍សៅ សុខា ទើប ធ្វើឲ្យក្រុមរថយន្តទាំងនេះ ភ័យស្លន់ស្លោរត់គេច ពួនជ្រកគ្រប់កន្លែង តាមព្រៃ ក្នុងខេត្ត ដែលនៅជាប់ព្រំប្រទល់នោះ ។

តាមរយៈលោកអៀង វណ្ណឌី មេបញ្ជាការកងរាជអាវុធខេត្តបញ្ជាក់ថាៈ ក្នុងការបង្ក្រាប និងដុតកម្ទេចចោលនូវមធ្យោបាយដឹកជញ្ជូនឈើខុសច្បាប់នេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ធនធានធម្មជាតិ ថា លោកនឹងបង្ក្រាបឲ្យខាងតែបាន ហើយឃាត់ បង្ក្រាបបាននៅកន្លែងណា ដុតកម្ទេចចោលនៅនឹងកន្លែង នូវមធ្យោបាយណាដែលដឹកជញ្ជូនឈើ ដែលជាហេតុនាំឲ្យបាត់បង់ព្រៃឈើ ដែលជាជម្រកសត្វ ជាពិសេសវាធ្វើឲ្យបម្រែបម្រួលអាកាសធាតុ មិនទៀង ធ្វើឲ្យប៉ះពាល់អាយុជីវិតយើងទាំងអស់គ្នា ។

លោក នឹងដាក់បទបញ្ជាយ៉ាងតឹងរឹងដល់មន្ត្រីថ្នាក់ក្រោមជាតិ ជាពិសេសកម្លាំងកងរាជអាវុធហត្ថខេត្ត ត្រូវអនុវត្តន៍នូវបទបញ្ជានេះ ទប់ស្កាត់រាល់បទល្មើស និងមធ្យោបាយដឹកជញ្ជូនឈើទាំងនេះ មិនឲ្យធ្វើសកម្មភាពបន្តទៀត ស្របតាមបទបញ្ជារបស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកអៀង វណ្ណឌី បញ្ជាក់ថាៈ រថយន្តទាំង៦គ្រឿងនេះ រកឃើញនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចខាងលើ ដោយមានបទបញ្ជាពីលោកនាយឧត្តមសេនីយ៍សៅ សុខា ទើបដុតកម្ទេច នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១១ព្រឹក ដោយមានការអញ្ជើញចូលរួម ពីអាជ្ញាធរស្រុក និងខេត្ត រួមទាំងសមត្ថកិច្ចចម្រុះ និងមន្ត្រីជំនាញផងដែរ ៕ មាស សុផាត


ចែករំលែក៖