ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ១ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាវាយប្លន់យកម៉ូតូយ៉ាងសកម្មក្នុងរាជធានី កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពប្លន់យកម៉ូតូពីយុវតីម្នាក់ តែមិនបានសម្រេច ហើយត្រូវជនរងគ្រោះវាយប្រតាយប្រតប់ជាមួយ ។
នគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ១ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើ មានឈ្មោះ លី ហុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ មានសារធាតុញៀនក្នុងខ្លួន។ ចំណែកជនរងគ្រោះមានឈ្មោះ ឈួរ គីមហៀក ភេទស្រី អាយុ១៩ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅផ្ទះតាមបណ្តោយផ្លូវវេងស្រេង ក្រុមទី៥ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងនោះ សមត្ថកិច្ចបានធ្វើការដកហូតបាន ម៉ូតូចំនួន១គ្រឿងម៉ាកហុងដាប៊ីត ពណ៌ផ្កាឈូកលាយស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HQ-8977 ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនម៉ាកហុងដាប៊ីត ពណ៌ផ្កាឈូកលាយស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HQ-8977 ចេញមកពីផ្សារស្ទឹងមានជ័យចាស់ទិញម្ហូប ហើយក៏ជិះម៉ូតូមកដល់ចំណុចផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ស្រាប់តែមានជនសង្ស័យខាងលើ បានធ្វើសកម្មភាពរុញច្រានម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យដួលទៅលើផ្លូវបេតុង និងបណ្តាលឲ្យជនរងគ្រោះរបួសត្រង់ជង្គង់ខាងឆ្វេង និងដាច់រលាត់ត្រង់ចង្អុលដៃខាងឆ្វេង បន្ទាប់មកជនសង្ស័យបានលើកម៉ូតូជនរងគ្រោះបម្រុងជិះរត់គេចខ្លួន តែត្រូវបានជនរងគ្រោះប្រតាយប្រតប់ទាញម៉ូតូស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចាប់ខ្លួនបានភ្លាមៗតែម្តង។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ភារ៉ា ដង្កោ