ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងបុកគ្នា របួសធ្ងន់៣នាក់ ភាគីម្ខាងអួតខ្លួនថា ជាមន្ត្រីប៉ូលិស ចង់វាយប្រជាពលរដ្ឋ ផ្អើលសមត្ថកិច្ចខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូពីរគ្រឿងបើកប្រដេញគ្នា ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលរបួសធ្ងន់បីនាក់ កើតជាជម្លោះហិង្សាដាក់ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ ។ ហេតុការណ៍នេះ បានកើតឡើង នៅពីម៉ោង១១យប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៦១ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន៤នាក់ បើកម៉ូតូពីរគ្រឿងមួយគ្រឿងម៉ាកសុយស៊ូគីនីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញHG-7393 ជិះគ្នាពីរនាក់ និងមួយគ្រឿងទៀត ម៉ាកបាចា ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះគ្នាពីរនាក់ដែរ ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៦១ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូមួយគ្រឿង ម៉ាកនិច រេចង្កូតទៅបុកម៉ូតូគ្រឿងទៀតម៉ាកហុងដា MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GB-5511 បើកដោយម្នាក់ ធ្វើដំណើរបញ្ច្រាសទិសដៅ គ្នាបណ្តាលរងរបួសធ្ងន់បីនាក់ ខណៈនោះបក្ខពួកខាងម៉ូតូនិចដែលជិះម៉ូតូធំបានជិះត្រឡប់ ក្រោយមកមើលខាងម៉ូតូនិច ដែលត្រូវជាមិត្តភក្តិដែលបានរងបួសធ្ងន់នោះ បានមកអួតខ្លួនថា ជាមន្ត្រីប៉ូលិស ហើយបានមកស្រែកឆោឡោដាក់ ខាងភាគីម៉ូតូ MSX ហើយបម្រុងស្ទុះទៅ វាយប្រជាពលរដ្ឋថែមទៀតធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ ។ ចំណែកជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ភ្លាមៗ ។

បើតាមមតិប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា ហេតុអ្វីសមត្ថកិច្ចមូលដ្ឋានមិនឃាត់ខ្លូនបុរសដែលអួនខ្លួនថាជាមន្ត្រីប៉ូលិស ដែលបម្រុងបង្កហិង្សាដាក់ប្រជាពលដ្ឋនោះ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ខមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖