ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ គៀបជាប់ក្នុងកាប៊ីនរថយន្តតែម្តង បន្ទាប់ពីជួបនូវឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកូរ៉េឃ្លប់ដឹកទឹកសុទ្ធក្រុមហ៊ុន ជីង ឡុង បើកបោះពួយល្បឿនលឿន ជ្រុលទៅបុកពីទទឹងរថយន្តកូរ៉េសណ្តោងទ្រុងបែនដឹកដី កំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យរថយន្តដឹកទឹកសុទ្ធ ខ្ទេចរួញកាប៊ីន គៀបជាប់មនុស្ស២នាក់ ស្លាប់អ្នកបើកបរម្នាក់ អ្នករួមដំណើររងរបួសធ្ងន់ កាលពីវេលាវាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ តាមមហាវិថី ឈ្នះ ឈ្នះ ភូមស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េ ឃ្លប់ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-4116 ដឹកទឹកសុទ្ធ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជិះគ្នា២នាក់ បើកបរដោយយុវជនម្នាក់ ជាអ្នកបម្រើការការងារ ក្រុមហ៊ុនទឹកសុទ្ធ បានស្លាប់គៀបជាប់ក្នុងកាប៊ីន រួមដំណើរដោយឈ្មោះ ឡេង សុវណ្ណតុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ក្រុមហ៊ុនទឹកសុទ្ធ ជីង ឡុង មានទីលំនៅ ភូមិបន្លស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រងរបួសជើងឆ្វេង ។ រថយន្តខាងលើ បើកក្នុងល្បឿនលឿនពីជើងទៅត្បូង លុដល់ចំណុចកើតហេតុ បានបុកពីទទឹងរថយន្ត កូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-6687 សណ្តោយទ្រុងបែនដឹកដី អ្នកបើកបរ រត់គេចបាត់ក្រោយកើតហតុភ្លាមៗ ដែលបើកចេញពីផ្លូវបេតុងវត្តភ្នៀត ឆ្លងកាត់ទទឹងមហាវិថីឈ្នះ ឈ្នះ បណ្តាលឲ្យ រថយន្តដឹកទឹកសុទ្ធ ខ្ទេចរួញកាប៊ីន ជាប់ជនរងគ្រោះ ត្រូវបាន ក្រុមសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ បញ្ជូនរថយន្ត សម្ភារៈ ឧបករណ៍ កាត់ វះ ទាញយកជនរងគ្រោះចេញ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ និងទាញយកសាកសពជនរងគ្រោះម្នាក់ទៀត ដើម្បីប្រគល់ជូនសមត្ថកិច្ច បន្តការងារពិនិត្យតាមនីតិវិធី ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មនុស្សម្នាក់បានស្លាប់ក្នុងហេតុការណ៍ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ រថយន្តមួយគ្រឿងរងខូចខាតខ្ទេចកាប៊ីន ហើយត្រូវបាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ វាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង កសាងសំណុំរឿងតាមនីតិវិធី ៕សុខាសែនជ័យ