ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូមួយគ្រឿងបើករេកចង្កូតជ្រុលទៅបុកម៉ូតូមួយគ្រឿងច្រាស់ទិសគ្នាបណ្ដាលឲ្យរងរបួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ម៉ូតូម៉ាកស៊ុយហ្ស៊ូគីវីវ៉ាមួយគ្រឿង បើកល្បឿនលឿន បានរេចង្កូតចូលក្នុងគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបើកក្នុងទិសដៅច្រាស់គ្នា បណ្ដាលឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុក អង្គស្នួល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ម៉ូតូបង្កម៉ាកស៊ុយហ្ស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1I-9724 បើកបរជនមិនទាន់ស្គាល់អត្តសញ្ញាណ (រងរបួសធ្ងន់) ។ ចំណែកភាគីម៉ូតូមួយគ្រឿងទៀតម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ នឿន ខុន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ (រងរបួសធ្ងន់) មានអ្នករួមដំណើរម្នាក់ឈ្មោះ ឡឹង សុខខេន ភេទស្រី អាយុ៤៩ឆ្នាំ (រងរបួសធ្ងន់) ។ ជនរងគ្រោះទាំង២នាក់នេះ ត្រូវជាប្ដីប្រពន្ធ និងគ្នា មានទីលំនៅភូមិ ទ្រា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញ ជនរងគ្រោះជាអ្នកបើកបរម៉ូតូបង្កម៉ាកវីវ៉ា ធ្វើដំណើរតាមបណ្ដោយផ្លូវ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ ក៏រេចង្កូតចូលក្នុងគន្លងផ្លូវម្ខាងទៀត (មិនប្រកាន់ស្ដាំ) ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ពេញមួយទំហឹង ដែលធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យជនរងគ្រោះទាំង៣នាក់ ជាអ្នកបើកបរម៉ូតូទាំងសង្ខាងទទួលរងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង៣នាក់ ត្រូវបានរថយន្ដសាមុយដឹងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបាននគរបាលជំនាញចរាចរណ៍ស្រុក ចុះធ្វើការពិនិត្យវាស់វែង និងកសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។

សេចក្តីសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូស៊ុយហ្ស៊ូគីវីវ៉ា បើកបរមិនប្រកាន់ស្ដាំ ខ្វះការប្រុងប្រយ័ត្ន ៕ ស្អាងជ័យ


ចែករំលែក៖