ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូដួលខ្លួនឯងបោកទៅនឹងផ្លូវស្លាប់ ខណៈត្រឡប់មកពីមង្គលការគេក្នុងភូមិ

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់ ខណៈជិះម៉ូតូត្រឡប់មកពីកម្មវិធីការគេក្នុងភូមិវិញ បានដួលដោយខ្លួនឯង បោកទៅ និងផ្លូវទទួលរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង២២ និង៥០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលេខ១១០ ស្ថិតក្នុងភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃឿន ដាលីនហៅកំពីងរាជ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិព្រែកតាជរ័ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1AC-3341 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងទៅចូលរួមនៅក្នុងកម្មវិធីមង្គការគេនៅក្នុងភូមិព្រែកតាតិន ឃុំស្វាយប្រទាល លុះមកដល់វេលាម៉ោងប្រមាណជាង២២យប់ ជនរងគ្រោះក៏ជិះម៉ូតូត្រឡប់មកវិញ ខណៈមកដល់ចំណុចកើតហេតុ ជនរងគ្រោះបើកម៉ូតូពុំដឹងមកពីអ្វី បណ្ដាលឲ្យដួលដោយខ្លួនឯងបោកទៅ និងផ្លូវ ទទួលរងរបួសធ្ងន់ ភ្លាមនោះក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង នាំគ្នាយកជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកំពង់ស្វាយ តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ខណៈពុំទាន់ដល់មន្ទីរពេទ្យផង ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចស្រុកស្អាង បានចុះ ធ្វើការពិនិត្យ វាស់វែង កន្លែងកើតហេតុ និងធ្វើការពិនិត្យកោសល្យវិច្ច័យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារដួលម៉ូតូខ្លួនឯងប្រាកដមែន ។ បន្ទាប់ពីពិនិត្យរួច សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖