ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកកុងតឺន័រ បុកប៉ះជាមួយម៉ូតូ២គ្រឿង នៅផ្លូវជាតិលេខ៤ បណ្តាលឲ្យស្លាប់ និងរបួស

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកុងតឺន័របុកប៉ះជាមួយម៉ូតូ២គ្រឿងនៅផ្លូវជាតិលេខ៤ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៩~២១០ក្នុង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខាងលិច ផ្លូវបំបែកចូលទៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ វេលាម៉ោងជាង៣កន្លះរសៀល ថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០១៩ ដែលតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានបុរសម្នាក់ភាគីខាងម៉ូតូមួយគ្រឿងបានស្លាប់នៅនឹងកន្លែង និងបុរសម្នាក់ភាគីខាងម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់ ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងរវាងម៉ូតូ ០១គ្រឿង ម៉ាក EXCITER ពណ៌ខ្មៅ គ្មានស្លាកលេខ មានទិសដៅខេត្តព្រះសីហនុ.ភ្នំពេញ បើករដោយឈ្មោះ សែន ប៊ុនថន ភេទប្រុស អាយុ មានទីលំនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មកដល់ចំណុចខាងលើម៉ូតូបានវ៉ាជែង ហើយទាក់ដៃចង្កូតជាមួយម៉ូតូ ០១គ្រឿងទៀត ម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាក លេខកំពត 1L-5678 មានទិសដៅស្របគ្នា បើកបរដោយឈ្មោះ សែម សាមេន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិស្រូវក្រោម ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត បណ្តាលឲ្យអ្នកបើកបរម៉ូតូ HONDA-DREAM ដួលធ្លាក់លើផ្លូវ ស្របពេលនោះក៍មានរថយន្ត កុងតឺនរ័០១គ្រឿងម៉ាក STERLING ពណ៌ត្រួយចេក ពាក់ស្លាក លេខភ្នំពេញ 3C-3294 មានទិសដៅស្របគ្នាមកពីក្រោយ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ) បានបុកកិនពីលើអ្នកបើកបរម៉ូតូ HONDA-DREAM រួចជ្រុលល្បឿនទៅកិនពីលើម៉ូតូ EXCITER បន្តទៀត ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ០១នាក់ និងរងរបួសមនុស្សចំនួន ០១នាក់ ៖១. ឈ្មោះ សែម សាមេន អ្នកបើកបរម៉ូតូ HONDA-DREAM ស្លាប់នៅ និងកន្លែងកើតហេតុ ។ ២. ឈ្មោះ សែន ប៊ុនថន អ្នកបើកបរម៉ូតូ EXCITER របួសធ្ងន់ ។

បច្ចុប្បន្ន សាកសពត្រូវបាន សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ រីឯអ្នករបួស បានបញ្ជូនមកព្យាបាលនៅគ្លីនិចឯកជន ៨៨៨ ក្នុងក្រុងព្រះសីហនុ រីឯវត្ថុតាងរថយន្ត និងម៉ូតូទាំងពីរ យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ដោយឡែកអ្នកបើកបររថយន្ត STERLING បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖