រដ្ឋាភិបាលប៉ាគីស្ថាន ជូនដំណឹងមួយដែលផ្សាយនៅលើគេហទំព័រអាជ្ញាធរអាកាសចរណ៍ស៊ីវិលបញ្ជាក់ថា «ចាប់ផ្តើមមានប្រសិទ្ធភាពពីពេលនេះទៅ ផ្លូវអាកាសរបស់ប៉ាគីស្ថាន បើកជូនអាកាសចរណ៍ស៊ីវិលគ្រប់ប្រភេទ ដែលមាននៅក្នុងបណ្តាញផ្លូវ ATS(សេវាចរាចរណ៍តាមអាកាស)ទាំងអស់» ។
មន្ត្រីមួយរូប តាមរយៈទូស័ព្ទ ក៏បានបញ្ជាក់ផងដែរ ប្រាប់បណ្តាញព័ត៌មានរ៉យទ័រ អំពីការបើកទ្វារ ដែនអាកាស និងចាប់ផ្តើមមានប្រសិទ្ធភាពនេះនូវផ្លូវអាកាសប៉ាគីស្ថាននោះ ។
គួររំលឹកថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ប៉ាគីស្ថានបានប្រកាសបិទផ្លូវអាកាសរបស់ខ្លួនទាំងស្រុង ក្រោយមានការរំលោភបំពានព្រំដែនអាកាស និងផ្លូវអាកាសពីកងកម្លាំងយន្តហោះចម្បាំងប្រទេសឥណ្ឌា ។ នៅក្នុងខែមីនា ឆ្នាំ២០១៩ ប៉ាគីស្ថានបានប្រកាសបើកផ្លូវអាកាសដោយផ្នែកខ្លះរបស់ខ្លួន ប៉ុន្តែហាមឃាត់ទាំងស្រុងជើងហោះហើររបស់ឥណ្ឌា ។ ឥណ្ឌា បានហាមឃាត់ផងដែរដែនអាកាសរបស់ខ្លួនមិនឲ្យជើងហោះហើរប៉ាគីស្ថានឆ្លងកាត់នោះឡើយ ។
នៅមុននោះបន្តិច លោក Shahrukh Nusrat រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានថ្លែងថា រដ្ឋាភិបាលឥណ្ឌាបានស្នើយើងឲ្យបើកផ្លូវអាកាស ។ យើងក៏បានបង្ហាញពីក្តីកង្វល់របស់យើងថា ឲ្យឥណ្ឌាដកថយយន្តហោះចម្បាំងទាំងអស់របស់ខ្លួននោះជាមុនសិន ។ យើងត្រៀមបើកផ្លូវអាកាសរបស់យើង បើសិនឥណ្ឌាមានចេតនាចង់បានស្ថានការណ៍ធូរស្រាល ។
ប៉ាគីស្ថានគឺស្ថិតនៅចំណុចកណ្តាលច្រកអាកាសចរណ៍ដ៏សំខាន់ ហើយការរិតបន្តឹងផ្លូវអាកាសរបស់ប្រទេសនេះបណ្តាលឲ្យប៉ះពាល់ដល់ការហោះហើរពាណិជ្ជកម្មរាប់រយជើងជារៀងរាល់ថ្ងៃ ។ ការហោះហើរបានបន្ថែមម៉ោងដល់អ្នកដំណើរ ហើយនិងបន្ថែមតម្លៃប្រេងជាដើមសម្រាប់ការហោះហើរនោះ ៕