ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត ឡិចស៊ីសពីរគ្រឿងសាកកំម្លាំងគ្នាបណ្ដាលឲ្យខូចខាត យ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបើកដោយស្រ្តីពីរនាក់ប៉ើងវិលមួយជុំបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់ រងរបួសនោះទេ ។ ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង១១និង២០នាទីយប់ថ្ងៃអង្គារ ទី១៦ ខែកក្ដដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ១៤៣កែងនិងផ្លូវ២៧៨ក្នុងសង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្ត ឡិចស៊ីសRX 300 ពណ័ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AM.4887 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៤៣ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុក រថយន្តមួយគ្រឿងទៀតម៉ាក ឡិចស៊ីស NX200t ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BF.7119 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧៨ទិសដៅពីកើតទៅលិចយ៉ាងលឿនមិន គោរពស្លាកសញ្ញាមិនមានអត្ថភាពបានត្រូវ រថយន្តRX300បុកចំពាក់កណ្ដាលរថយន្តពេញទំហឹងប៉ើងវិលមួយជុំ ខូចខាតមួយចំហៀងខាងស្តាំយ៉ាងដំណំ ។ ចំណែករថយន្ត RX300 ខូចខាតខាងមុខគួរសំ តែសំណាងល្អមិនបង្កឲ្យនណាម្នាក់រងរបួសនោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះវាស់វែងស្ទូូចរថយន្តទាំងពីរគ្រឿងទៅកាន់ការិយាល័យចរាចរណ៍ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖