ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកម៉ូតូកង់បី ពេញចិត្តនឹងមុខងារពិសេសៗរបស់ Grab ដែលធ្វើឲ្យការងារពួកគាត់កាន់តែមានប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ ៖ អ្នកបើកម៉ូតូកង់បី នៅកម្ពុជា ដែលកំពុងតែប្រើប្រាស់កម្មវិធី Grab ដើម្បីទទួលយកការកក់លើសេវាធ្វើដំណើរ បានពេញចិត្តនឹងមុខងារពិសេសៗថ្មីៗជាច្រើន ក្នុងកម្មវិធីនេះ ដោយពួកគាត់បានបញ្ជាក់ថា មុខងារពិសេសៗទាំងនោះ នឹងជួយធ្វើឲ្យការងារពួកគេកាន់តែមានប្រសិទ្ធភាព និងបង្កើនសមត្ថភាពនៃការរកប្រាក់ចំណូលរបស់ពួកគាត់ ។

Grab កំពុងដាក់ឲ្យដំណើរការនូវមុខងារពិសេសៗថ្មីៗជាច្រើន បើគិតចាប់តាំងពីក្រុមហ៊ុននេះ បានចាប់ផ្តើមអាជីវកម្មនៅកម្ពុជា ក្នុងឆ្នាំ២០១៧ ដើម្បីផ្តល់ជូនមធ្យោបាយកាន់តែល្អប្រសើរសម្រាប់អ្នកបើកបរ និងអ្នកដំណើរ ។ អ្នកដំណើរជាច្រើន បានសាទរចំពោះការផ្តល់ជូនរបស់Grabក្នុងពេលថ្មីៗនេះ ដែលធ្វើឲ្យការដំណើរតាមកម្មវិធីនេះមានតម្លៃថោកជាងគេ និងអាចទទូលបានការលើកទឹកចិត្តជាច្រើន តាមរយៈការសន្សំពិន្ទុ ប្តូរយក ការបញ្ចុះតម្លៃ និងប្រមូសិន លើទំនិញដ៏សន្ធឹកសន្ធាប់ នៅតាមហាង និងក្រុមហ៊ុនអាជីវកម្មឈានមុខគេជាច្រើននៅកម្ពុជា ។ អ្នកបើកបរ ក៏អាចទទួលបានការលើកទឹកចិត្តជាច្រើនផងដែរ តាមរយៈកម្មវិធី នេះ ប៉ុន្តែ អ្វីដែលធ្វើឲ្យអ្នកបើកបរជាច្រើនពេញចិត្តជាងគេ គឺ មុខងារពិសេសៗផ្សេងៗ ដែល ធ្វើឲ្យការងាររបស់ពួកគាត់កាន់តែមានប្រសិទ្ធភាពជាងមុន ។

មុខងារពិសេសថ្មីដ៏មានប្រជាប្រិយភាពបំផុតក្នុងចំណោមមុខងារថ្មីៗ ដែលជួយឲ្យអ្នកបើកបរ អាចប្រើប្រាស់ពេលវេលាដ៏មានតម្លៃបំផុត នៅតាមដងផ្លូវ គឺ «Pax No Show» ដែលនឹងផ្តល់ប្រាក់ឈ្នួលលួងចិត្តជាស្វ័យប្រវត្តិដល់អ្នកបើកបរ ប្រសិនបើអ្នកដំណើរដែលបានកក់យានជំនិះរបស់ពួកគាត់ មិនបានមកដល់កន្លែងរង់ចាំ ក្នុងរយៈពេល៥នាទី បន្ទាប់ពីអ្នកបើកបរបានទៅដល់ទេនោះ ។

លោកវែន គីរី ដែលបានក្លាយជាដៃគូបើកបរបស់ Grab អស់រយៈពេល៧ខែមកហើយនោះ បានបញ្ជាក់ថា៖ «ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលក្រុមហ៊ុន ផ្តល់នូវមុខងារដ៏ពិសេសនេះ (Pax No Show) ដែលផ្ទុយគ្នាស្រឡះទៅនឹងក្រុមហ៊ុនផ្សេងទៀត ដែលមិនត្រឹមតែមិនផ្តល់ប្រាក់ប៉ះប៉ូវឲ្យយើងសម្រាប់ការលុបចោលការកក់ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងពិន័យយើងចំពោះការលុបចោលនោះ ទៀតផង» ។ មុខងារពិសេសដ៏មានប្រជាប្រិយភាពផ្សេងទៀតគឺ «Back-to-Back Jobs» ដែលអនុញ្ញាតឲ្យអ្នកបើកបរ ទទួលយកការកក់របស់អ្នកដំណើរថ្មីម្នាក់ ក្បែរគោលដៅបច្ចុប្បន្នរបស់ខ្លួន ក្នុងពេលពួកគាត់កំពុងតែដឹកអ្នកដំណើរម្នាក់ ។ ការដែលអាចទទួលយកការកក់ថ្មីជាបន្តបន្ទាប់គ្នា មានន័យថា អ្នកបើកបរ នឹងចំណាយពេលវេលាតិចក្នុងការរង់ចាំចន្លោះនៃការកក់នីមួយៗ ។

មុខងារពិសេសផ្សេងទៀតដែល Grab បានដាក់ឲ្យដំណើរការកាលពីពេលថ្មីៗនេះ គឺ «My Destination» ដែលមានន័យថា អ្នកបើកបរ អាចជ្រើសរើសគោលដៅមួយទុកមុន ដូចជាទៅផ្ទះជាដើម ហើយកម្មវិធីនេះ នឹងជួយរកការកក់ជាអាទិភាពចំពោះអ្នកដំណើរដែលទៅគោលដៅតែមួយ ដូចអ្នកបើកបរដែរ ។ មុខងារ «Heatmap» ដែលជាមុខងារថ្មីមួយផ្សេងទៀតរបស់ Grab គឺជាមុខងារបង្ហាញពីផែនទីមួយ ដែលនឹងបង្ហាញឲ្យអ្នកបើកបរ មើលឃើញតំបន់ផ្សេងៗ ក្នុងទីក្រុង ពីកន្លែងផ្សេងៗ ដែលមានសកម្មភាពកក់យានជំនិះច្រើន ហេតុនេះ ពួកគាត់អាចទទួលបានអត្ថប្រយោជន៍ពីកន្លែងដែលមានតម្រូវការខ្ពស់នោះ ដូចជា កន្លែងកម្មវិធីប្រគំតន្ត្រី ឬព្រឹត្តិការណ៍កីឡា ជាដើមដែលអាចមានអ្នកដំណើរច្រើន ។

ក្រុមហ៊ុន Grab បានបញ្ជាក់ថា ផ្នែកដ៏សំខាន់មួយនៃបេសកកម្មរបស់ខ្លួន គឺការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើតឱកាសនៃការរកប្រាក់ចំណូលសម្រាប់ដៃគូបើកបររបស់ខ្លួន ក៏ដូចជាធ្វើឲ្យសេវាជិះយានជំនិះ កាន់តែមានតម្លៃថោកសម្រាប់ប្រជាជនកម្ពុជា កាន់តែច្រើន ។ លោករ៉ូណាល់ វ៉ង (Ronald Wong) នាយកប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន Grab មានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាប្រចាំតំបន់ យើងចង់ចែករំលែក និងសិក្សាពីប្រតិបត្តិការរបស់យើងទូទាំងតំបន់នេះ ដើម្បីអភិវឌ្ឍកម្មវិធីរបស់យើងបន្ថែមទៀត និងធ្វើឲ្យសេវាជិះយានជំនិះមានសុវត្ថិភាព សន្តិសុខ មានអត្ថប្រយោជន៍ច្រើន សម្រាប់ទាំងអ្នកធ្វើដំណើរ និងដៃគូបើកបររបស់យើង»៕ វឌ្ឍនា


ចែករំលែក៖