ព័ត៌មានទាន់ហេតុការណ៍៖

វង្ស អាលីស ប្តឹងមេធាវីមានមុខមាត់ម្នាក់ឡើងតុលាការ រឿងប្រមាថឆាតសួរតម្លៃខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ស្ងាត់ៗស្រាប់តែលេចចេញដំណឹងថា តារាសម្តែងស្រី ស្រស់សោភា កញ្ញា វង្ស អាលីស បានដាក់ពាក្យប្តឹងបុរសមានតួនាទីជាមេធាវីម្នាក់ឡើងតុលាការ បន្ទាប់ពីបុរសនោះ បានមាកងាយ ដោយការឆាតសួរតម្លៃខ្លួន ប្រដូចទៅនឹងនារីរកស៊ីផ្លូវភេទ ។

ចាត់ទុកថា នេះគឺជាលើកដំបូងហើយដែលតារាសម្តែងស្រីម្នាក់ហ៊ានចេញមុខប្តឹងទៅកាន់បុរសដែលបានប្រមាថមាកងាយមកលើសិល្បករតាមរយៈការឆាត សាកសួរតម្លៃខ្លួនប្រដូចនាងទៅនឹងនារីលក់ខ្លួន ។ ប្រភពពីអ្នកសិល្បករដែលស្និទ្ធនឹងតារាស្រីរូបនេះបានបញ្ជាក់ថា វង្ស អាលីសត្រូវបានបុរសដែលទើបនឹងឡើងឋានៈជាមេធាវី និងមានទ្រព្យស្តុកស្តម្ភម្នាក់មាកងាយរហូតធ្វើឲ្យតារាស្រីរូបនេះខឹងសម្បាជាខ្លាំង ។

ប្រភពបន្តថា ការប្រមាថរបស់បុរសនោះ បានធ្វើឲ្យនាងសម្រេចចិត្តប្តឹងបុរសនោះ ឡើងតុលាហើយ ហើយព្រឹកថ្ងៃទី១៧ ខែកក្កដា នាងឡើងទៅបំភ្លឺតាមពាក្យបណ្តឹងដើម្បីដាក់បន្ទុក ។ មានការលើកឡើងដែរថា នាងចង់ឲ្យមានការផ្តល់តម្លៃមួយសម្រាប់ស្ត្រី រួមទាំងសិល្បករផងដែរ ដែលមិនចង់ឃើញការប្រមាថបែបនេះឡើយ ។

នៅមិនទាន់អាចទំនាក់ទំនងស្វែងរកការបញ្ជាក់បន្ថែមពីតារាស្រីរូបនេះនៅឡើយ ប៉ុន្តែយោងតាមគណនីយហ្វេសប៊ុករបស់នាងក៏បានបញ្ជាក់ដោយខ្លីថា «លេងខុសមនុស្សហើយណាលោកអ្នកមាន ។ ការងារល្អ ឋានៈក៏ខ្ពស់ បែរជាមកលេងជាមួយនឹងនាងខ្ញុំ ប្រហែលជាចង់ល្បីឈ្មោះហើយ» ។

គួរបញ្ជាក់ដែរថា វង្ស អាលីស គឺជាតារាសម្តែង និងបង្ហាញម៉ូដដែលទើបនឹងបញ្ចប់ការសម្តែង និងបង្ហាញម៉ូដលក្ខណៈអន្តរជាតិធំមួយនៅប្រទេសថៃ ។ ថ្មីៗនេះ នាងទើបនឹងទទួលបានតំណែងតួ​ឯក ក្នុងភាពយន្តភាគរបស់ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយផងដែរ ។ នាងក៏ត្រូវបានគេសរសើរពីរូបសម្រស់ស្រស់សោភា ប្រដូចគ្នានឹងកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០១៧កញ្ញា ប៊ី សុធារី រផងដែរ៕ វឌ្ឍនា


ចែករំលែក៖