ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមួយក្រុម ដេញគប់ដុំថ្ម និងកាប់ រួចបាញ់៣គ្រាប់ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីមានជម្លោះជាមួយជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ដោយ ត្រូវនឹងដុំថ្ម ហើយកាប់ជាច្រើនកាំបិត និងមានការផ្ទុះអាវុធចំនួនបីគ្រាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងលិចចម្ងាយប្រហែល១០០ម៉ែត្រពីរង្វង់មូលនាងគ្រុឌ នៅក្នុងទីក្រុងរណប ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ហៀត អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបកម្មករកាប់គោ ស្នាក់នៅកន្លែងកាប់គោ ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា មានស្រុកកំណើតនៅភូមិតានួងក្រៅ ឃុំតានួង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ជនសង្ស័យម្នាក់ ដែលជនរងគ្រោះស្គាល់មានឈ្មោះ ដា អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ធ្លាប់រស់នៅជាក្មេងមណ្ឌល គៀនឃ្លាំង ។

តាមសម្តីបងប្អូនជីដូនមួយរបស់ជនរងគ្រោះ ដែលមានឈ្មោះ សេន បានរៀបរាប់ថា មុនកើតហេតុពួកគាត់ជាច្រើនអ្នកបាននាំគ្នាមកផឹកស្រាក្រឡុកនៅកន្លែងកើតហេតុ មួយសន្ទុះក្រោយមកឃើញបុរសម្នាក់បើកម៉ូតូធំ មិនចាំម៉ាកមកដល់កន្លែងកើតហេតុ ក៏រោទ៍ម៉ូតូ ជិះទៅជិះមក ខណៈនោះជនរងគ្រោះក៏ស្រែកសួរថារោម៉ូតូធ្វើអី តែជនសង្ស័យមិនឆ្លើយតបទេ ក៏ជិះម៉ូតូចេញទៅបាត់ ។

ក្រោយមកក៏ឃើញជនសង្ស័យមកវិញ នៅមានម៉ូតូចំនួន៣គ្រឿង ម៉ូតូធំ១ ម៉ូតPCX១ និងម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកមិនចាំស្លាកលេខបានមកដល់កន្លែងកើតហេតុក៏ចុះដេញគប់ និងដុំថ្មបណ្តាឲ្យ ជនរងគ្រោះដួលរួចកាប់ជាច្រើនកាំបិតព្រមទាំងផ្ទុះអាវុធចំនួន៣គ្រាប់ បំណងសម្លាប់ចោលបណ្តាលឲ្យជនរងគ្រោះដេកដួលរងរបួសធ្ងន់ ត្រូវបានមិត្តភ័ក្រ្តដឹកតាម ម៉ូតូទៅមន្ទីពេទ្យកាល់ម៉ែតដើម្បីសង្រ្គោះអាយុជីវិត ចំណែកក្រុមជនសង្ស័យក្រោយពីផ្ទុះអាវុធរួចមកជនសង្ស័យទាំងអស់ក៏បានជិះម៉ូតូគេចខ្លួនរត់បាត់ស្រមោល ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហតុបានយកសំបកគ្រាប់ និងសួរនាំទៅបក្សពួកជនរងគ្រោះឲ្យទៅប៉ុស្តិ៏នគរបាលរដ្ឋបាលជ្រោយចង្វា ដើម្បីដាក់ពាក្យបណ្តឹង និងកំណត់មុខសញ្ញាដើម្បីតាមចាប់យកមកដាក់ទោសតាមផ្លូវច្បាប់ ៕ ជ្រោយពេជ្រ


ចែករំលែក៖