ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ កាលពី៥០ឆ្នាំមុន អាមេរិកធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយបញ្ជូនមនុស្សឡើងទៅឋានព្រះច័ន្ទ លើកដំបូង

ចែករំលែក៖

នៅក្នុងប្រវត្តិសាស្ត្រ នៃការស្រាវជ្រាវទីអវការបស់អាមេរិក ដែលទទួលបានភាពល្បីល្បាញបំផុត គឺកាលពី​៥០ឆ្នាំមុន ពលរដ្ឋអាមេរិកដំបូងគេ បានទៅដោតទង់ជាតិអាមេរិកនៅលើឋានព្រះច័ន្ទ ។ នៅពេលនេះអាមេរិក ប្ររពខួបទី​៥០ឆ្នាំថ្ងៃប្រវត្តិសាស្ត្រនេះ ។

នៅថ្ងៃទី​១៦ ខែកក្កដា ត្រូវនឹងថ្ងៃ ទី​១៧ ខែកក្កដា នៅកម្ពុជា ជាពេលវេលាប្រវត្តិសាស្ត្រដ៏សែនអស្ចារ្យបំផុត ក្នុងវិស័យអវកាស តាមរយៈបេសកកម្មដែនដីឋានព្រះច័ន្ទ ដោយប្រើប្រាស់យានអវាកាស Apollo 11 របស់ទីភ្នាក់ងារអវកាសអាមេរិក NASA កាលពី ៥០ឆ្នាំមុន ។

ក្នុងឱកាសខួបនៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្តខាងលើនេះ លោក ម៉ៃឃើល ខូលលីនស៍ (Michael Collins) ដែលជាអវកាសយានិកនៃបេសកកម្ម Apollo 11 បានត្រឡប់ទៅកាន់កន្លែងបាញ់គ្រាប់រ៉ុក្កែត ដែលស្ថិតក្នុងមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA គឺជាទីដែលលោកបានចាកចេញពីផែនដី កាលពីឆ្នាំ១៩៦៩ ដើម្បីឆ្ពោះទៅកាន់ព្រះច័ន្ទ ជាមួយអវកាសយានិកពីររូបទៀត គឺលោក ណែល អាមស្ត្រង (Neil Armstrong) និង លោក ប៊ូសអាល់ឌ្រីន (Buzz Aldrin) ដោយលោក Armstrong បានទទួលមរណភាពកាលពីឆ្នាំ២០១២ ។

លោក Buzz ក៏បានគ្រោងនឹងមករំលឹកអនុស្សាវរីយ៍នៅទីតាំងខាងលើដែរ ប៉ុន្តែត្រូវខកខានវិញ ។ ឥឡូវនេះទាំងលោក Collins និងលោក Aldrin សុទ្ធតែមានវ័យជិត ៩០ឆ្នាំអស់ហើយ ។ កំឡុងបេសកកម្ម Apollo 1 ដែលមានរយៈពេលប្រមាណមួយសប្តាហ៍ លោក Collins បានស្ថិតក្នុងគន្លងអវកាសរបស់ព្រះច័ន្ទ ស្របពេលដែលលោក Armstrong និង លោក Aldrin គឺជាមនុស្សពីររូបដំបូងគេ ដែលបានឈានជើងជាន់លើផ្ទៃព្រះច័ន្ទ ។

សម្តីនៅពេលលោក Armstrong បានដាក់ជើងជាន់លើនៅនោះ និងត្រូវមនុស្សគ្រប់ចង់ចាំរហូតមកទល់សព្វថ្ងៃ គឺ «that’s one small step for man, one giant leap for mankind» ដែលមានន័យជាភាសាខ្មែរថា «កាឈានមួយជំហានខ្លីនេះរបស់មនុស្សម្នាក់ គឺប្រៀបដូចជាការលោតផ្លោះដ៏ធំមួយ សម្រាប់មនុស្សជាតិយើងទាំងមូល» ។

គួរជម្រាបថា បច្ចុប្បន្នទីភ្នាក់ងារអវកាស NASA កំពុងមានគោលដៅបញ្ជូនអវកាសយានិកសាជាថ្មីម្តងទៀត ឡើងឆ្ពោះទៅកាន់ ឋានព្រះច័ន្ទនៅឆ្នាំ២០២៤ ប៉ុន្តែវាមិនមែនដើម្បីគ្រាន់តែបន្សល់ទុកដានជើង ដូចមុននោះឡើយ ដោយសហរដ្ឋអាមេរិក និងប្រទេសជាដៃគូនឹងយកព្រះច័ន្ទជាស្ថានីយ Transit ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ទីឋានផ្សេងៗទៀត ជាពិសេសគឺភពអង្គារតែម្តង ។

ប៉ុន្តែពេលនេះ វិស័យអវកាសរបស់អាមេរិកធ្លាក់ចុះយ៉ាងខ្លាំង ​ដោយអាមេរិកកាត់បន្ថយការចំណាយទៅលើវិស័យនេះ ។ បច្ចុប្បន្នប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាស ថា​នឹងបញ្ជូនមនុស្សឡើងទៅឋានព្រះច័ន្ទជាថ្មីឡើងវិញ ៕

 


ចែករំលែក៖