ភ្នំពេញ៖ ប្រជាពលរដ្ឋនៅក្នុងខណ្ឌចំការមន សាទរចំពោះចំណាត់ការរបស់អាជ្ញាធរខណ្ឌ ដែលចុះបង្ក្រាបទីតាំងហាងអ៊ីនធើណេតបង្កប់ល្បែង ។ ប៉ុន្តែអ្វីដែលជាចម្ងល់នោះថា តើហេតុដូចម្តេចបានជាការបង្ក្រាបធ្វើឡើងដោយដុំដោយកន្លែង ហើយទីតាំងខ្លះនៅក្បែរច្រមុះសមត្ថកិច្ច ឬអាជ្ញាធរទៀតផង ប៉ុន្តែគេមិនបង្ក្រាប ។ កាលពីថ្ងៃទី១៧ ខែកក្កដា អាជ្ញាធរខណ្ឌចំការមនបានចុះទៅបង្ក្រាបទីតាំងហ្គេមនៅក្នុងតំបន់កោះពេជ្រ នៅគ្រាដែលទីតាំងល្បែងស៊ីសងលាក់ខ្លួនតាមហាងអ៊ីនធើណេតក្បែរៗសាលាខណ្ឌ មិនត្រូវគេចុះបង្ក្រាបផងនោះទេ ។ រឿងនេះសូម្បីតែក្មេងបៀមដៃក៏យល់អំពីមូលហេតុនោះដែរ ។
គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោកថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ចំការ មន បានបេីកប្រតិបត្ដិការចុះបង្ក្រាបទីតាំ ងហ្គេមបាញ់ត្រី មួយកន្លែងក្នុងមជ្ឈម ណ្ឌលកម្សាន្តកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្នុងប្រត្ដបត្ដិការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើធ្វើឡើងនៅវេលាម៉ោង ៥ និង ៣០នាទីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ដោយដកហូតទូហ្គេមបាញ់ត្រីចំនួន៩ទូ និង មនុស្សចំនួន១៣ នាក ។
សូមជម្រាបថា ទីតាំងខាងលើនេះសមត្ថកិច្ចធ្លាប់បង្ក្រាបម្ដងរួចមកហើយ ប៉ុន្ដែមួយរយៈក្រោយមកលួចបើកដំណើរការវិញយ៉ាងរលូន រហូតមកដល់ថ្ងៃនេះទើបគណៈបញ្ជាការឯកភាពខណ្ឌចំការមន បើកប្រតិបត្ដិការបង្ក្រាបសារជាថ្មីម្ដងទៀត ។ មហាជនសង្ឃឹមថា ប្រតិបត្ដិការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះមិនអាចបើកសារជាថ្មីម្ដងទៀតទេ ដើម្បីរក្សាបាននៅសុខសុវត្ថិភាព នឹងភាពកក់ក្តៅក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ព្រោះហ្គេមបាញ់ត្រីនេះហើយ បង្កឲ្យមានបទល្មើស ឆក់ លួច ប្លន់ ។
ពលរដ្ឋបានទទូចស្នើដល់លោក ថេង សុថុល អភិបាលខណ្ឌចំការមន នឹងលោក យិន សាន អធិការខណ្ឌចំការមន មេត្តាមានវិធានការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងទៀត នៅចំណុចគល់ស្ពានភ្លោះ ដែលនៅចម្ងាយពីគ្នាប្រហែល ២០០-៣០០ ម៉ែត្រ ផង ។
ទីតាំងល្បែងអ៊ីនធើណេតរបស់ឈ្មួញ ឈ្មោះ មាន ដែលស្ថិតនៅតាមបណ្តោយផ្លូវ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេងក្រោមក្រសែភ្នែករបស់អាជ្ញាធរខណ្ឌចំការមន ។ គេនិយាយថា រឿងអីអាជ្ញាធរខណ្ឌមើលមិនឃើញបទល្មើសនៅក្បែរក្លៀក ប៉ុន្តែបែរជាមើលឃើញទីឆ្ងាយឯណោះទៅវិញ ។ ទីឆ្ងាយទំនងជាមិនបានផ្តល់ផលប្រយោជន៍ រីឯទីតាំងជិតៗ តួយ៉ាងដូចជាហាងអ៊ីនធើណេត របស់បង មាន រហូតដល់៤កន្លែង ទំនងជាអាជ្ញាធរទទួលបានលាភសក្ការ ទើបបានជាមិនបង្ក្រាប ។ រឿងបង្ក្រាបមួយទុកមួយ គ្មានអ្វីចម្លែកទេ គឺព្រោះតែលាភសក្ការនេះឯង ៕ ហេង សូរិយា