ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង អំពាវនាវឲ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញស្រឡាញ់ដើមឈើដូចការ ស្រឡាញ់កូនចៅនៅក្នុងក្រុមគ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អំពាវនាវឲ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញស្រឡាញ់ដើមឈើដូចការ ស្រឡាញ់កូនចៅនៅក្នុងក្រុមគ្រួសារ ដើម្បីជួយលើកកម្ពស់គុណភាពបរិស្ថាន និងសោភ័ណភាពនៅ ក្នុងទីក្រុង ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំ អោយប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ និងស្ថាប័នពាក់ព័ន្ធទំាងអស់ត្រូវរួមគ្នាថែរក្សាការពារដើមឈើនៅតាម ភូមិដ្ឋាន សាលារៀន វត្តអារ៉ាម តាមសួនច្បារ និងផ្លូវសាធារណៈអោយបានល្អ ព្រោះដើមឈើមាន គុណប្រយោជន៍យ៉ាងខ្លំាងសម្រាប់បរិស្ថាន និងមនុស្សជាតិ ។

លោកបានអំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធី ដាំកូនឈើ៤២០០ដើម និងពិធី អបអរសាទរបុណ្យរុក្ខទិវា០៩កក្កដា ឆ្នាំ២០១៩ដែលប្រារព្វធ្វើឡើង នៅព្រឹកសុក្រ ៣រោច ខែ អាសាឍ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវ និងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នេះនៅក្នុងបរិវេណវត្តនិគ្រោធវ័ន “ហៅវត្តគល់ទទឹង” ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយបានចាត់ទុក លោកបានបញ្ជាក់ថា៖ ដើម ឈើគឺជាធនធានធម្មជាតិដ៏សំខាន់ដែលបានបង្កើតគម្របបៃតង ហើយជួយកម្ចាត់ជាតិពុលនានា នៅ ក្នុងរាជធានីភ្នំពេញ ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានណែនាំឲ្យមេព្រៃក្នុងភូមិសាស្រ្តរាជធានី ភ្នំពេញ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីត្រូវរួមគ្នាថែរក្សាដើមឈើដែលបានដាំហើយនៅក្នុងរាជ ធានីភ្នំពេញឲ្យបានល្អ ហើយត្រូវធ្វើរបាយការណ៍ពីស្ថានភាពដើមឈើទំាងនោះឲ្យបានជាប់ជាប្រចំា រៀងរាល់៦ខែម្តង ដើម្បីថែរក្សាការពារដើមឈើទំាងនោះឲ្យបានរីកលូតលាស់ល្អសម្រាប់កូនចៅជំនាន់ក្រោយទៀត ។

លោក បានបន្ដថា៖ ដើមឈើនេះវាជាអ្នកទ្រទ្រង់អោយដល់កូនចៅជំនាន់ក្រោយរបស់យើងបានរស់នៅប្រកប ដោយចីរភាព នេះជាសារៈសំខាន់នៃដើមឈើ ។ ដូច្នេះប្រជាពលរដ្ឋទំាងអស់ដែលធ្លាប់មានកូនចៅ ហើយស្រឡាញ់កូនចៅរប ស់ខ្លួន សូមអោយស្រឡាញ់ដើមឈើប្រៀបបាននឹងកូនរបស់ខ្លួន ។ ត្រូវថែ ទំាវាឲ្យបានល្អ ដាក់ជីពូនគល់ និងស្រោចទឹកជាដើម ប្រៀបបានដូចទៅនឹងការបីបាច់ថែរក្សាកូនចៅ ក្នុងក្រុមគ្រួសារ ។ យើងដឹងហើយថា បើការណាគ្មានដើមឈើទេ កូនចៅយើងជំនាន់ក្រោយក៏មិន អាចរស់នៅបានដែរ ។

លោកចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានឲ្យដឹងថា៖ ដើម្បីអបអរសាទរទិវាដាំដើមឈើដែលជាប្រពៃណីជាតិឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញបាន ដាំដើមឈើចម្រុះប្រភេទឈើគ្រញូង នាងនួន ធ្នង់ គគីរ ឈើទាល រាំងភ្នំ គីនីន ត្របែកព្រៃ ក្ងោក និងខ្ទរសរុបចំនួន ១៣៤៤ដើម នៅតាមវត្តអារាម សាលារៀន និងដងផ្លូវ សាធារណៈ ។

លោកបានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញក៏បានផ្តល់កូនឈើចម្រុះប្រភេទ ឈើគ្រញូង នាងនួន បេង ធ្នង់ គគីរ ឈើទាល គីនីន រាំងភ្នំ រាំងទឹក ស្វាយ និងខ្ទរ សរុបប្រមាណ ៤២០០ដើម ដើម្បីប្រគេនព្រះសង្ឃ និងចែកជូនបងប្អូនប្រជាពលរដ្ឋមកពីរដ្ឋបាលខណ្ឌទាំង១៤ ដើម្បីយកទៅដាំនៅតាមទីវត្តអារាមដងផ្លូវទីសាធារណៈ និងលំនៅដ្ឋាននៅតាមមូលដ្ឋានរៀងៗខ្លួនផងដែរ ។

សូមបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំព្រឹត្តិការណ៍អបអរសាទរបុណ្យរុក្ខទិវាជារៀងរាល់ឆ្នាំ ដូចបណ្តាខេត្តដ៏ទៃដែរដើម្បីលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋឲ្យរួមគ្នាការពារធនធានព្រៃឈើតាមព្រះរាជបវេណីដ៏គំរូរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះករុណាព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ៕ សំរិត


ចែករំលែក៖