ខេត្តរតនគិរី៖ កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ បានស្ទាក់ចាប់រថយន្តឡង់គ្រីស័រ ពណ៌ខ្មៅមួយគ្រឿង ដឹកឈើពេញប្រៀប ហើយយកទៅកម្ទេចចោល ។
ហេតុការណ៍ស្ទាក់ចាប់រថយន្តដឹកឈើយកទៅកម្ទេចចោលនោះ កម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងភូមិសោមធំ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ប្រភពពីកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ដាវបានឱ្យដឹងថា ក្នុងពេលប្រតិបត្តិការនោះ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់ហើយ ។ ឯវត្ថុតាង ត្រូវយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ ផ្នែកបរកែវរួចវាស់វែងឃើញមានឈើធ្នង់ចំនួន៩៩៧គីឡូក្រាម ស្មើនឹង០,៧៣៨ម៉ែត្រគូប ហើយចាត់ចែងបន្ត ។
រថយន្តឡង់គ្រីសរ័ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី ២ A.០១៤៩ ដែលជាមធ្យោបាយដឹកបទល្មើសនោះ ក្រោមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានបំផ្លាញចោលនៅរសៀលថ្ងៃដដែលនោះផងដែរ ។
នេះជាលើកទី២ ហើយដែលកម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ ដុតបំផ្លាញចោលនូវរថយន្តដឹកបទល្មើសឈើដូច្នេះសរុបទាំងអស់ចំនួន៣គ្រឿងហើយ ៕ ជីវន្ត័