ខេត្តកំពង់ធំ៖ ឪពុកចុងល្មោភកាមម្នាក់ ត្រូវបានសមត្ថកិច្ចនគបាលស្រុកស្ទោងឃាត់ខ្លួន បន្ទាប់បងស្រីជីដូនមួយបានប្ដឹងដល់សមត្ថកិច្ចថា ចាប់ស្រាតខោប្អូនស្រីប៉ុនប៉ងរំលោភសេពសន្ថវៈទៀត ដែលកន្លងមកធ្លាប់ចាប់រំលោភបានជាច្រើនដង ។ ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ១០ នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ និងដឹងដល់សមត្ថកិច្ចនៅ ម៉ោង២ និង ៣០នាទីរសៀល ស្ថិតនៅក្នុងរោងរបស់ជនរងគ្រោះ ក្នុងភូមិស្រង់ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះអាយុ ១៣ ឆ្នាំ ។ ជនសង្ស័យឈ្មោះ សេម ចក់ ភេទ ប្រុស អាយុ ២៧ ឆ្នាំ (ជាឪពុកចុង) មានទីលំនៅភូមិស្រង់ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។
តាមការបំភ្លឺរបស់ក្មេងរងគ្រោះបានបញ្ជាក់ថា ក្រោយពេលម្ដាយលែងលះជាមួយឪពុកបង្កើតរបស់ខ្លួន ម្ដាយខ្លួនបានយកឈ្មោះ សេម ចក់ ធ្វើប្តី និងមានកូនប្រុសម្នាក់ ហើយជារៀងរាល់ឆ្នាំម្ដាយ និងឪពុកចុងតែងតែនាំគ្រួសារទៅធ្វើជាកម្មករបេះស្វាយចន្ទី និងដកដំឡូង នៅស្រុកអន្លង់វែង ខេត្តបន្ទាយមានជ័យដូចរាល់ឆ្នាំ ហើយឪពុកចុងបាននាំខ្លួនទៅរកត្រី ហើយតែងតែចាប់រំលោភសេពសន្ថវៈខ្លួនជាញឹកញាប់ រហូតបានសម្រេចចំនួន ០៥ដង លុះនៅរដូវចូលឆ្នាំខ្មែរក្នុងឆ្នាំ២០១៩ ខ្លួន និងគ្រួសារបានមករស់នៅភូមិកំណើតវិញ រហូតមកដល់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក ឪពុកចុងបានហៅខ្លួនចូលទៅក្នុងរោង ហើយបានចាប់ស្រាតខោបម្រុងរំលោភទៀត ប៉ុន្តែបងស្រីជីដូនមួយឈ្មោះសីហា ចូលទៅទាន់ហើយក៏ផ្អើលឆោឡោតែម្តង ។
លោកវរសេនីយ៍ឯក យ៉ង សំ អធិការស្រុកស្ទោងបានឲ្យដឹងថា ករណីនេះសមត្ថកិច្ចបានឃាត់់ខ្លួន ជនសង្ស័យបញ្ជូនមកអធិការដ្ឋានគរបាលស្រុកដើម្បីសួរនាំ និង កសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី