ភ្នំពេញ៖ យប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ សិស្សប៊ែលធីចំនួន ៧៣នាក់ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីបានចំណាយពេល ១៤ថ្ងៃ ក្នុងការចូលរួមកម្មវិធីបោះជំរំអន្តរជាតិ (World Camp 2019) នៅប្រទេសកូរ៉េ ប្រកបដោយជោគជ័យ ។ ការបោះជំរំជាអន្តរជាតិនេះ មានយុវជនជាង៤.០០០នាក់ មកពី ៨០ប្រទេសនៅលើពិភពលោក ហើយក៏មានរដ្ឋមន្រ្តីក្រសួងអប់រំមកពីបណ្តាប្រទេសនានា ចំនួន២២ ចូលរួមផងដែរ ។
ក្នុងឱកាសនោះដែរលោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានមានប្រសាសន៍ ថ្លែងអំណរគុណដល់អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) ដែលសហការ និងផ្តល់ឱកាសឲ្យសិស្សប៊ែលធីបានទៅចូលរួមក្នុងកម្មវិធីបោះជំរំជាអន្តរជាតិនៅសាធារណរដ្ឋកូរ៉េ ហើយនេះជាលើទី៦ ដែលសាលា ប៊ែលធី អន្តរជាតិ បានបញ្ជូនសិស្សទៅចូលរួមក្នុងកម្មវិធីនេះ ដែលមានចំនួនសរុប ៥៤៦នាក់ ។ ការចូលរួមក្នុងកម្មវិធីនេះ គឺផ្តោតទៅលើ ភាពជាអ្នកដឹកនាំ ការតម្រង់ទិសយុវជនក្នុងសតវត្សរ៍ទី២១ និងសិក្សាពីបរិបទ នៃការអប់រំបែបវិទ្យាសាស្រ្តទំនើប ហើយសិស្សប៊ែលធីទាំង ៧៣នាក់ក៏បានទៅទស្សនាស្វែងយល់ពីតំបន់សំខាន់ៗជាច្រើនដូចជាៈ ទីក្រុងសេអ៊ូល ទីក្រុងប៊ូសាន តំបន់ប្រវិត្តសាស្រ្ត និងតំបន់ទេសចរណ៍ផ្សេងៗទៀតផងដែរ ។ លោកក៏បានបន្តរទៀតថា គោលបំណង និងអត្ថប្រយោជន៍ នៃការចូលរួមការបោះជំរំនេះគឺ សាលាចង់ឲ្យសិស្សរបស់យើងមានភាពក្លាហាន ចេះសម្របខ្លួនក្នុងការរស់នៅ និងធ្វើការជាក្រុម ជាមួយជាតិសាសន៍ផ្សេងៗគ្នា ដើម្បីដកស្រង់នូវបទពិសោធន៍ ពីគ្នាទៅវិញទៅមក ក៏ដូចជាបានផ្លាស់ប្តូរនៅ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងចំណេះដឹងថ្មីៗដ៏ទៃទៀតដែលប្អូនៗពុំធ្លាប់បានជួប ។
ការចូលរួមបោះជំរំនេះ ក៏បានបង្ហាញពីសមត្ថភាពសិស្សកម្ពុជានៅលើឆាកអន្តរជាតិ ដែលមានសមត្ថភាពគ្រប់គ្រាន់ អាចចូលរួមនៅក្នុងកម្មវិធីជាអន្តរជាតិ ក៏ដូចជាបានបង្ហាញឲ្យពិភពលោកបានស្គាល់បន្ថែមទៀតនូវ ទំនៀមទម្លាប់ ប្រពៃណី អរិយធម៌ និងការរីកចម្រើនរបស់ប្រទេសកម្ពុជាផងដែរ ។
ក្រោយពីការវិលត្រឡប់មកពីបោះជំរំជាអន្តរជាតិនៅប្រទេសកូរ៉េខាងត្បូងក្នុងឱកាសនោះសិស្សឈ្មោះ លីម សៀវម៉ី ជាសិស្សថ្នាក់ទី១១ នៅសាខាទី២ បន្ទាប់ពីបានចូលរួមបោះជំរុំអន្តរជាតិ នៅប្រទេសកូរ៉េ រយៈពេល១៤ថ្ងៃនេះ ប្អូនមានអារម្មណ៍សប្បាយរីករាយណាស់ ព្រោះប្អូនបានចូលរួមកម្មវិធីជាច្រើនដែលគេបង្កើតឡើង ។ ជាក់ស្ដែងក្នុងកម្មវិធី Mind Lecture ប្អូនបានយល់ដឹងជាច្រើនចំណុចដូចជា ការមានគំនិតវិជ្ជមាន ការមានកម្លាំងចិត្តយកឈ្នះឧបសគ្គ ការចេះស្រឡាញ់ឪពុកម្ដាយបងប្អូន ការមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ការបើកចិត្តអោយទូលាយ ហើយនៅក្នុងកម្មវិធី Academy Class ប្អូនចូលរួមការលេងល្បែងប្រជាប្រិយកូរ៉េ ការបង្កើតសម្ភារៈប្រើប្រាស់ និងវិធីថែសម្ផស្ស ។ ក្នុងកម្មវិធីនេះដែរ ប្អូនដឹងអំពីការប្រាស្រ័យទាក់ទងជាមួយជនជាតិជាច្រើន ដោយប្រើភាសាអង់គ្លេស ការធ្វើការជាក្រុម និងការលេងល្បែងប្រជាប្រិយជាដើម ។ ហើយនៅក្នុងនោះក៏មានកម្មវិធីដើរផ្សារ កម្មវិធីជិះទូក នៅក្នុងកម្មវិធី Homestay និងក៏បានទស្សនាស្វែងយល់ពីតំបន់សំខាន់ៗជាច្រើនដូចជា ទីក្រុងសេអ៊ូល ទីក្រុងប៊ូសាន និងតំបន់ប្រវត្តិសាស្ត្រផ្សេងៗទៀតផងដែរ ។
ជាមួយគ្នានោះសិស្សឈ្មោះ ថង ស៊ុងហួយ ជាសិស្សថ្នាក់ទី១១ នៅសាខាទី៦ បាននិយាយឲ្យដឹងថា ការបោះជំរំនេះ បានធ្វើឲ្យប្អូន មានភាពក្លាហាន ចេះទទួលខុសត្រូវដោយខ្លួនឯង ចេះសម្របខ្លួនក្នុងការរស់នៅ និងធ្វើការជាក្រុម នៅជាមួយជាតិសាសន៍ផ្សេងៗគ្នា ព្រមទាំងបានសិក្សាស្វែងយល់អំពីបរិបទថ្មីៗរបស់ប្រទេសអភិវឌ្ឍន៍ ដែលជាចំណេះដឹងថ្មីក្នុងការអភិវឌ្ឍខ្លួនឯង ក៏ដូចជាអភិវឌ្ឍប្រទេសជាតិឲ្យបានរីកចំរើនទៅអនាគត ។ ជាចុងក្រោយប្អូនបានថ្លែងអំណរគុណដល់សាលាប៊ែលធីអន្តរជាតិ ក៏ដូចជាឯកឧត្តម បណ្ឌិត លី ឆេង ដែលបានបង្កើតកម្មវិធីនេះឡើង ៕ អរុណរះ