ភ្នំពេញ ៖ មានករណីហឹង្សាដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងហាងគោដុត រិទ្ធ វិទូ ច្រកចូលទីលានចាក់សំរាមចាស់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រវាងភ្ញៀវមួយក្រុម និងសន្តិសុខ ហើយត្រូវបានកងរាជអាវុធហត្ថចុះបំបែក ។
តាមប្រភពពីប្រជាពលរដ្ឋដែលគាត់បានចូលផឹកស៊ីក្នុងហាងនោះដែរ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរសបួននាក់បានចូលមកផឹកស៊ីក្នុងហាងខាងលើ ដល់ពេលស្រវឹងរៀងៗខ្លួន ក៏បានទាស់សម្ដីគ្នាបន្តិចបន្ទួចហើយឈានទៅដល់ការបោកកែវ ផ្អើលដល់ភ្ញៀវផ្សេងអង្គុយក្បែរកំពុងទទួលទានឆ្ងាញ់ ឃើញដូច្នោះសន្តិសុខ ក៏បានចាប់បុរសដែលបង្កហេតុខាងលើឲ្យចេញមកខាងក្រៅសិន តែដោយសារឥទ្ធិផលស្រាខ្លាំងពេក ធ្វើឲ្យក្រុមបុរសជាភ្ញៀវ ប្រតាយប្រតប់វាយជាមួយសន្តិសុខថែមទៀត បណ្ដាលឲ្យបុរសម្នាក់របួសប៉ោងមុខមាត់ ។
ក្រោយកើតហេតុ ម្ចាស់ហាងខាងលើបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន រួមទាំងអាវុតហត្ថខណ្ឌឲ្យជួយមកអន្តរាគមន៍ ដោយបានឲ្យភាគីម្ចាស់ហាង និងភ្ញៀវខាងលើសម្របសម្រួលគ្នា ។ ចុងក្រោយភាគីទាំង២មិនបានប្ដឹងផ្ដល់គ្នានោះទេ ហើយបុរសទាំងបួននាក់នោះ ក៏បានជិះម៉ូតូចេញពីកន្លែងកើតហេតុរៀងៗខ្លនផងដែរ ៕ ភារ៉ា ដង្កោ