ក្រុមអ្នកវិទ្យាសាស្ត្រឥណ្ឌា បង្ហាញក្តីសង្ឃឹមថា យានស្រាវជ្រាវរបស់ខ្លួននឹងចុះចតនៅឋានព្រះច័ន្ទដោយជោគជ័យ ក្លាយជាប្រទេសទី៤ នៅលើពិភពលោក បានបញ្ជូនយានចុះនៅឋានព្រះច័ន្ទ បន្ទាប់ពី អាមេរិក ស៊ូវៀត និងចិន ។
យានអវកាសដែលឥណ្ឌាបានបញ្ជូនទៅនៅថ្ងៃទី២២ ខែកក្កដា គឺយានChandrayaan-2 ត្រូវឆ្លងកាត់ការធ្វើដំណើររយៈពេលវេងនៅលើលំហរអាកាសរហូតដល់ទៅ៤៨ថ្ងៃ ទើបទៅដល់នឹងចុះចតនៅឋានព្រះច័ន្ទ ។ ក្រុមអ្នកវិទ្យាសាស្ត្រឥណ្ឌាសង្ឃឹមថា នឹងចុះចតដោយជោគជ័យលើភពព្រះច័ន្ទ ។
កាលពីល្ងាចថ្ងៃ ទី២២ ខែកក្កដា ក្រុមអ្នកវិទ្យាសាស្ត្រឥណ្ឌា បានបាញ់បញ្ជូនយានស្រាវជ្រាវ Chandrayaan-2 ឡើងទៅកាន់ឋានព្រះច័ន្ធ ដោយជោគជ័យក្រោយ ការផ្អាក់ជិតមួយសប្តាហ៍បណ្តាលមកពី បញ្ហាបច្ចេកទេស ។
ក្រុមវិទ្យាសាស្ត្រ ឥណ្ឌាបានប្រើប្រាស់ រ៉ុក្កែត មានទម្ងាន់ ដល់ទៅ៦៤០តោន ប្រភេទ GSLV-MK-III ដើម្បីបញ្ជូនយាន Chandrayaan-2 ចេញពីទំនាញផែនដី ។ នៅក្នុងយាមអវកាស នៅមានយានសម្រាប់ចុះចតនៅលើឋានព្រះច័ន្ទមានឈ្មោះ Vikram ក្រៅពីនេះនៅមានយានចល័ត Praygyaan និងផ្កាយរណប Orbiter ក្នុងការបញ្ជូនទិន្នន័យមកផែនដីវិញ ។
យានស្រាវជ្រាវរបស់ឥណ្ឌាបានចាកចេញពីផែនដែលនៅវេលាម៉ោង ១៤និង៤៣នាទីរសៀលថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុងញូដេលី) ពីមជ្ឈមណ្ឌលអវកាសឥណ្ឌា Satish Dhawan Space Centre ស្ថិតនៅក្នុងតំបន់ Sriharikota ជាប់ដែនសមុទ្របឹងហ្គាល់ ភាគខាងកើតប្រទេស ។ ឥណ្ឌាជាប្រទេសទី៣ ហើយដែលបានបញ្ជូនយានស្រាវជ្រាវទៅកាន់ឋានព្រះច័ន្ទ ក្នុងឆ្នាំ២០១៩ បន្ទាប់ពីបេសកកម្ម Chang’e-4 របស់ប្រទេសចិន កាលពីខែមករាដើមឆ្នាំនេះ និងបេសកកម្ម Beresheet របស់ប្រទេសអ៊ីស្រាអែល កាលពីខែមេសា ។ ខណៈ Chang’e-4 របស់ចិន បានចុះចតដោយជោគជ័យ ។ ចំណែកយាន Beresheetរបស់អ៊ីស្រាអែលបរាជ័យ ដោយត្រូវធ្លាក់ខ្ទេច នៅលើផ្ទៃព្រះច័ន្ទ កំឡុងពេលព្យាយាមចុះចត ។
មកទល់ពេលនេះមានប្រទេស ០៣ធំៗប៉ុណ្ណោះនៅលើពិភពលោកដែលមានយានចុះទៅដល់លើផ្ទៃព្រះច័ន្ទដោយជោគជ័យ ក្នុងនោះគឺអតីតសហភាពសូវៀត (រុស្ស៊ី) សហរដ្ឋអាមេរិក និងចិន ។ រីឯឥណ្ឌាពេលនេះកំពុងប្រឹងប្រែងឲ្យក្លាយជាប្រទេសទី ៤ ។ គោលដៅចម្បងរបស់ Chandrayaan-2 គឺដើម្បីបង្ហាញពីសមត្ថភាពនៃការចុះចតយ៉ាងរលូន នៅលើផ្ទៃព្រះច័ន្ទ និងការធ្វើប្រតិបត្តិការយានរ៉ូបូត នៅលើផ្ទៃរបស់ព្រះច័ន្ទផ្ទាល់ ។ សម្រាប់គោលដៅវិទ្យាសាស្ត្រវិញរួមមាន ការសិក្សាអំពីសារធាតុដីលើព្រះច័ន្ទ សារធាតុរ៉ែផ្សេងៗ ទឹកក្រោមផ្ទៃព្រះច័ន្ទ និងដានទឹកកកនៅប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ៕