ការបញ្ជូនទាហាន និងសព្វាវុធទៅកាន់ប្រទេស សាឌីអារ៉ាប៊ី របស់អាមេរិក ក៏ដូចជាប្រទេសកាតារ ត្រូវបានក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា អាមេរិកបានត្រៀមលក្ខណៈការពារសម្ពន្ធមិត្ត នៅតំបន់មជ្ឈិមបូព៌ា មុនពេលវាយប្រហារអ៊ីរ៉ង់ ដោយខ្លាចអ៊ីរ៉ង់វាយបកទៅលើប្រទេសជាមិត្តអាមេរិក ។
នៅពេលនេះដែរ រដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ អ៊ីស្រាអែល លោក Tzachi Hanegbi បាននិយាយថា បច្ចុប្បន្នមានតែអ៊ីស្រាអែលមួយគត់ ដែលហ៊ានសម្លាប់ជនជាតិ អ៊ីរ៉ង់ ខណៈភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា កំពុងឡើងកម្ដៅកាន់តែខ្លាំង ។
លោក Tzachi Hanegbi ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ នៅក្នុងស្រុកមួយនៅថ្ងៃចន្ទសប្ដាហ៍នេះ ។ លោក Hanegbi បានគូសបញ្ជាក់នាឱកាសនោះ ដូច្នេះថា៖ «ក្នុងរយៈពេលជាង២ឆ្នាំ រហូតមកទល់បច្ចុប្បន្ននេះ អ៊ីស្រាអែលគឺជាប្រទេស តែមួយគត់ នៅលើពិភពលោកដែលហ៊ានសម្លាប់ជនជាតិអ៊ីរ៉ង់ តាមរយៈការវាយប្រហារតាម ផ្លូវអាកាសលើមូលដ្ឋានអ៊ីរ៉ង់រាប់រយលើកនៅក្នុងប្រទេសស៊ីរី» ។
បន្ថែមពីលើនេះ នៅពេលនៅពេលត្រូវបានសាកសួរថាតើហេតុអ្វីបានជាអ៊ីរ៉ង់ មិនវាយប្រហារលើអ៊ីស្រាអែលវិញ លោក Hanegbi បានឆ្លើយថា អ៊ីរ៉ង់មិនមានសមត្ថភាព វាយប្រហារលើអ៊ីស្រាអែលឡើយ ហើយទីក្រុង តេហេរ៉ង់ក៏ដឹងយ៉ាងច្បាស់ដែរថា អ៊ីស្រាអែលជានរណា ។
គួរជម្រាបថា អ៊ីស្រាអែល បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសជាច្រើនលើក លើមូលដ្ឋានកងកម្លាំងអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ដោយបានផ្ដាច់ជីវិតកងកម្លាំងអ៊ីរ៉ង់ មួយចំនួនផងដែរ ។ ប៉ុន្តែ ក្រៅតែពីការព្រមាន អ៊ីរ៉ង់មិនបានធ្វើការតបយ៉ាងម៉ឺងម៉ាត់ណាមួយ លើអ៊ីស្រាអែលវិញនោះទេ ។
ក្នុងពេលកំពុងតែតានតឹង ទាហានអ៊ីរ៉ង់បាន ប្រើប្រាស់រូបភាព លោក ដូណាល់ត្រាំ និងណេតាន់យ៉ាហូ ធ្វើជាផ្ទាំងស៊ីប សម្រាប់ហ្វឹកហាត់ ។ នៅក្នុងការហ្វឹកហាត់ពិសេសនោះ មានទាហានអ៊ីរ៉ង់ប្រមាណ១០០នាក់បានចូលរួម ហើយតាមរូបភាពដែលសារព័ត៌មានខាងលើ បានចេញផ្សាយថា រូបថតមេដឹកនាំនីមួយៗ ត្រូវកងទ័ពអ៊ីរ៉ង់បាញ់ចំជាង១០០គ្រាប់ ។
នៅក្នុងហ្វឹកហាត់បាញ់ស៊ីបនោះ កងទ័ពអ៊ីរ៉ង់បានបាញ់ប្រហារទៅលើគោលដៅ ដែលមានរូបថតលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល ដោយមានរបាំងពីមុខជាច្រើនការពារ (ដូចជាអង្គរក្ស) អ៊ីចឹង ។ ប៉ុន្តែទាហានអ៊ីរ៉ង់បានព្យាយាមបាញ់ប្រហារឲ្យចំគោលដៅ គឺលោកត្រាំ និងណេតាន់យ៉ាហ៊ូ ។ មេដឹកនាំទាំងពីរ គឺជាសត្រូវរបស់ទាហានអ៊ីរ៉ង់ ហើយបច្ចុប្បន្នប្រទេសអាមេរិក និងអ៊ីស្រាអែលកំពុងតែប្រឈមមុខតានតឹងដាក់គ្នាយ៉ាងខ្លាំងជាមួយនឹងប្រទេសអ៊ីរ៉ង់ ៕