ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួចម៉ូតូ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង១១:៣០នាទី មានករណីបាត់ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅស ស៊េរីឆ្នាំ២០១៦ ស្លាកលេខ ភ្នំពេញ 1FO-0380 នៅចំណុចផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជារបស់ឈ្មោះ ធឿន សេងធឹង ភេទប្រុស អាយុ ២៧ឆ្នាំ ។ បន្ទាប់ពីដឹងថាម៉ូតូត្រូវបានចោរលួចយកទៅបាត់ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានស្រាវជ្រាវរហូតដល់កំណត់មុខសញ្ញ៉ាឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ឈ្មោះ ម៉ាក រ៉ាវី ភេទប្រុស អាយុ ៣០ឆ្នាំ យកមកសួរនាំតែម្តង ។
ក្រោយពេលឃាត់ខ្លួនបានរូបគេបានសារភាពប្រាប់សមត្ថកិច្ចជំនាញអាវុធហត្ថក្រុងភ្នំពេញ ថា រូបគេពិតជាបានដើរចូលទៅលួចម៉ូតូនៅក្នុងផ្ទះជនរងគ្រោះខាងលើ ពិតប្រាកដមែន ហើយបានយកម៉ូតូនោះទៅទុកកន្លែងផ្ញើម៉ូតូ នៅមន្ទីរពេទ្យកាល់ម៉ែត ៕ ជ្រោយពេជ្រ