ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់មនុស្ស៤នាក់ ជាមួយនឹងត្រាក់ទ័រ៣គ្រឿង ពេលធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹក នៅ ឃុំច្រណូក ស្រុកកំពង់លែង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្សចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាមួយនឹងត្រាក់ទ័រចំនួន៣គ្រឿង ដែលកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹក នៅតំបន់គោកព្រះ ស្ថិតនៅក្នុងតំបន់៣ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ កិច្ចប្រតិបត្តិការបង្រ្កាបនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែកក្កដា​ ឆ្នាំ២០១៩ ។

លោកជិន សុផាត ប្រធានការិយាលយ័ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មនុស្សដែលសមត្ថកិច្ចបានឃាត់ខ្លួននោះមានចំនួន៤នាក់ ១.ឈ្មោះ ហ៊ត ចន្ថា ភេទប្រុស អាយុ២៣ឆ្នាំ ២.ឈ្មោះ ឈី ស្រួច ភេទប្រុស អាយុ១៩ឆ្នាំ ៣ .ឈ្មោះ វុន រស្មី ភេទប្រុស អាយុ ១៩ឆ្នាំ អ្នកទាំង៣ មានទីលំនៅក្នុងភូមិកោះគ្របបាយ ឃុំកំពង់កូ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និង៤ ឈ្មោះ យុន ថន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិត្បែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកប្រធានការិយាល័យបានឲ្យដឹងទៀតថា មុនពេលធ្វើប្រតិបត្តិការ លោកទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅទីនោះថា មានត្រាក់ទ័រចំនួន៣គ្រឿងបានធ្វើសកម្មភាពឈូស ឆាយ ភ្ជួរដីព្រៃលិចទឹក ដែលស្ថិតនៅក្នុងតំបន់៣ ដែលជាកន្លែងហាមឃាត់ ក្រោយពីទទួលបានព័តមាននេះភ្លាមលោកបានស្នើទៅស្នងលោកស្នងការ និង ស្ថាប័នអយ្យកាដើម្បីសុំយោបល់ និង បានដាក់កម្លាំងដោយសហការជាមួយ និងអាអាជ្ញាធរ ស្រុក បានចុះទៅប្រតិបត្តិការបង្រ្កាបតែម្តង ។ ក្រោយពីបង្ក្រាបបានភ្លាមបានបញ្ជូនត្រាក់ទ័រ និង មនុស្សចំនួន៤នាក់មកស្នងការដា្ឋននគរបាល ខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរបន្តទៅតាមនីតិវិធី ។

អាជ្ញាធរ ស្រុកកំពង់លែងបានប្រាប់ឲ្យដឹងថា កន្លងមកមានប្រជាពលរដ្ឋម្នាក់ឈ្មោះ ​​​​គង់ ស្រ៊ី ហៅស៊្រន បានដាក់ពាក្យស្នើសុំមកសាលា ស្រុកដើម្បីយកត្រាក់ទ័រមកភ្ជួស្រែរបស់គាត់ ចំណែកលិខិតស្នើសុំនោះបានដាក់ទៅដល់ ខេត្តហើយ តែ ខេត្តមិនទាន់អនុញ្ញាតិនោះទេ ដោយសុំឲ្យមានក្រុមការងារចុះពិនិត្យមើលសិនមុននឹងភ្ជួរ ។ ផ្ទុយទៅវិញ មិនទាន់មានការអនុញ្ញាតិពី ខេត្តផង ស្រាប់តែមកភ្ជួរ ដោយគ្មានមន្ត្រីជំនាញចុះពិនិត្យទើបត្រូវចាប់បែបនេះ ៕ ចន្ថា


ចែករំលែក៖