ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាក បត់ឆ្វេងបុកម៉ូតូបញ្ច្រាសគ្នារបួសធ្ងន់នៅ ស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសបែកក្បាលធ្ងន់ធ្ងរ ត្រូវបានអ្នកភូមិនាំគ្នាចោមរោមមើលនិងរាយការណ៍ជូនសមត្ថកិច្ច បន្ទាប់ពីជនរងគ្រោះកំពុងជិះម៉ូតូសុខៗ ត្រូវរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បើកបញ្ច្រាសគ្នា បត់ឆ្វេង ខ្វះប្រុងប្រយត្ន័បុកពេញទំហឹងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះសុខ សំអុន អាយុ២១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិត្រពាំងថ្ម ឃុំអង្គសូរ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាក HONDA C ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៧ពាក់ស្លាកលេខ ស្វាយរៀង ១K៥៦០២ ខូចខាតយ៉ាងដំណំ ។ ចំណែកអ្នកបើករថយន្ត មិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយពីបង្កហេតុ បានបើកគេចខ្លួនបាត់ស្រមោលភ្លាមៗ ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក HONDA C ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខស្វាយរៀង ១K៥៦០២ ក្នុងទិសដៅពីជើងទៅត្បូងលុះបើកមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរទិសដៅពីត្បូងទៅជើង ខណៈនោះ ក៏បានបត់ឆ្វេងមិនប្រយត្ន័បុកចំយ៉ាងពេញទំហឹងលាន់ដូចរន្ទះ រួចក៏បើកគេចខ្លួនបន្សល់ទុកនៅអ្នករងរបួស និងម៉ូតូនឹងកន្លែង ។

បច្ចុប្បន្នបុរសរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀងនឹងអូសវត្ថុតាងធ្វើដំណើរយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុករំដួលដើម្បីដោះស្រាយតាមច្បាប់ ៕ យឹម​សុ​ថាន


ចែករំលែក៖