ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខបញ្ជួនជនសង្ស័យ១៧នាក់ទៅតុលាការ៤ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខបានបញ្ជូ​ន​ ជនសង្ស័យ ចំនួន១៧នាក់ពាក់ព័ន្ធនឹងករណី៤ផ្សេងគ្នា ទៅកាន់​តុ​លាការ ។ ករណីទី១៖ លួចចំនួន៦នាក់ ករណីទី២៖ បំផ្លិចបំផ្លាញចំនួន១នាក់ ករណីទី៣៖ រក្សាដោយខុសច្បាប់នូវសារធាតុញៀនចំនួន១នាក់ និងករណីទី៤៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៩នាក់ ។ ការបញ្ជូនខ្លួនជនសង្ស័យនេះគឺធ្វើឡើងនៅព្រឹកថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ។

បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ​ជនសង្ស័យទាំង១៧នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបាន​ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិ​វិ​ធី​ សាកសួរ និ​ងកសាងសំណុំរឿង​ ។ ជនស​​​ង្ស័​​​យ​ទាំង១៧នាក់ខាងលើនេះបានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែ​ម្តង​ ។
​​
លោក​វរៈ​សេនីយ៍ឯក​ ហួរ ម៉េងវ៉ាង​ អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ​​សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មាន​មក​កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រ​មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ​ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ​បាន​ទាន់ពេ​លវេលាផង​ដែ​រ​៕ ​​​​តុង សីហា


ចែករំលែក៖