ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារស្រែកទ្រហ៊ោយំ និងឲ្យអ្នកភូមិជួយសង្គ្រោះម្ដាយរបស់ខ្លួន ខណៈសង្ស័យឆក់ខ្សែភ្លើង ដែលដាច់ធ្លាក់ ហើយប៉ះនឹងជញ្ជាំងសង្កសី បន្ទាប់ពីចូលទៅទម្លាក់មុងក្នុងក្រោលគោ បណ្ដាលឲ្យឆក់តែម្ដង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ គាំ មាន អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
តាមក្រុមគ្រួសារបានឲ្យដឹងថា រាល់ពេលល្ងាច គឺម្ដាយតែងតែទៅដាក់មុងឲ្យគោដូចសព្វដង ខណៈនៅថ្ងៃកើតហេតុម្ដាយបានដើរចូលទៅដាក់មុងឲ្យគោក្នុងក្រោលមិនដឹងថា មានខ្សែភ្លើងដាច់ជាប់ និងជញ្ជាំងសង្ក័សី ហើយឆ្លងចរន្តពេញមួយតួផ្ទះ ចៃដន្យគាត់ក៏បានយកដៃកាន់ជញ្ជាំងក៏ត្រូវខ្សែភ្លើងឆក់ស្លាប់ បង្កការភ្ញាក់ផ្អើលតែម្តង ។
ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចនគរបាលជំនាញ ក៏បានប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន